សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការក្រសួង​ការពា​ជាតិ

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការក្រសួង​ការពា​ជាតិ​ថ្មី ដែល​ចំ​ខួប​លើក​ទី​២៣​ឆ្នាំ នៃ​ជោគជ័យ​ក្នុងការ​នាំមក​នូវ​សន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ( ២៩​ធ្នូ ឆ្នាំ​១៩៩៨ – ២៩​ធ្នូ ឆ្នាំ​២០២១)​។

​អគារ​រដ្ឋបាល​-​សាលប្រជុំ​ទីស្តីការក្រសួង​ការពារជាតិ​ថ្មី​នេះ ត្រូវបាន​សាងសង់​នៅលើ​ទីតាំង​ចាស់ ដែលមាន​ទទឹង​ប្រវែង​២៨​ម៉ែត្រ បណ្តោយ​ប្រវែង ១៩១​ម៉ែត្រ និង​កម្ពស់ ៣២​ម៉ែត្រ និង​មាន​ចំណត់​រថយន្ត នៅ​ជាន់​ក្រោម​ដី​មួយ​ជាន់ ដែល​អាច​ចត​រថយន្ត​បាន​ចំនួន ១៥០​គ្រឿង សរុប​ផ្ទៃក្រឡា​ប្រើប្រាស់​រួម ទូទាំង​អគារ​មាន ៣០,៩៧៩​ម៉ែត្រការ៉េ (​ស្មើនឹង​១០​ដង នៃ​ទំហំ អគារ​ចាស់​)​។

​អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការក្រសួង​ការពារជាតិ​ថ្មី បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែល​តាម​គម្រោង​ផែនការ​សាងសង់​មាន​រយៈពេល​៣៦​ខែ និង​បញ្ចប់​ការដ្ឋាន​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​។

​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ការសាងសង់​ត្រូវបាន​ស្នើរ​សុំ​ពន្យា​កិច្ចសន្យា​រយៈពេល​៤​ខែ ដូច្នេះ​ការដ្ឋាន​ត្រូវ​ពន្យា​រហូតដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១ ទើបបាន​បញ្ចប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close