រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ មួយកន្លែង​នៅ​ជើងភ្នំ​គូ​លេន ក្នុងស្រុក​ស្វាយ​លើ កំពុងមាន​ការទាក់ទាញ​អ្នកទេសចរ

​ខេត្តសៀមរាប​៖ ខណៈដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ប្រទេស​ឲ្យ​ដំណើរការ​លើ​គ្រប់​វិស័យ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ឡើងវិញ កាលពីពេល​ថ្មីៗ​កន្លងមកនេះ គេ​សង្កេតឃើញ​វិស័យ​ទេសចរណ៍​បាន​ត្រៀមខ្លួន​បម្រើ​សេវាក​ម្មយ៉ាង​ល្អប្រសើរ និង​មាន​ភាព​ទាក់ទាញ​។

​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយកន្លែង ស្ថិតនៅ​ខាងកើត​ជាប់ជើង​ភ្នំ​គូ​លេន ក្នុងស្រុក​ស្វាយ​លើ កំពុងមាន​ការទាក់ទាញ​អ្នកទេសចរ​ទៅ​ទស្សនា និង​សំរាក​កំសាន្ដ​ទាំងថ្ងៃទាំងយប់ ខណ​: ដែល​កន្លែង​នោះ មានការ​រៀបចំ​ដោយ​ទេសភាព​ធម្មជាតិ​ពិតៗ ជាពិសេស​មានការ​បោះតង់ អមដោយ​ទេសភាព​ព្រៃភ្នំ ពើង​ថ្ម ពើងភ្នំ និង​គំនូរ​ពី​បុរាណ​។ កន្លែង​ទេសចរណ៍​នោះ មាន​ឈ្មោះថា សួនផ្កា​ធិ​ស័ក្ដិ ស្ថិតនៅ​ភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ មាន​ចំ​ង៉ា​យ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​ខេត្ដ​សៀមរាប​។​

​លោក ប៉ែន រតនា អ្នកគ្រប់គ្រង​សួនផ្កា​ធិ​ស័ក្ដិ បានឱ្យដឹងថា ដោយ​មើលឃើញ​ពី​សក្តានុពល​របស់​ភ្នំ​គូលែន មាន​លក្ខណ​:​អំណោយផល​នេះ ម្ចាស់​សួនផ្កា​លោក​ឈ្មោះ សៀក គឹម​សាត បាន​បង្កើត​តំបន់​ទេសចរណ៍​នេះ​ឡើង ក្នុង​គោលបំណង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ជាពិសេស​ធ្វើយ៉ាងណា​ជួយផ្ដល់​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន មាន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​។

​លោក​បាន​បន្ដថា ទៅ​កន្លែង​នោះ មាន​សួនផ្កា មាន​កញ្ចុះ​ម្លប់​ឬ​ស្សី សម្រាប់​ការ​អង្គុយ​កំសាន្ដ មាន​កន្លែង​បោះតង់​រាប់រយ​តង់ បោះតង់​ជា​លក​ល្ខ​ណ​:​គ្រួសារ មាន​រី​សត​តង់​លំដាប់​ផ្កាយ​៥ នៅជាប់​លើ​ជើងភ្នំ​គូ​លេន ប្រកបដោយ​ផាសុកភាព មានការ​ជិះ​កង់​ហាត់ប្រាណ​ទៅលេង​ពើង​គំនូរ​ទីនោះ​ផងដែរ​។

​ជាមួយគ្នា​នោះដែរ កន្លែង​ទេសចរណ៍​នេះ មាន​លក្ខណ​:​ជា​ធម្មជាតិ​សម្បូរ​ទៅដោយ​ព្រៃភ្នំ​ក្រំ​ថ្ម​បែប​ធម្មជាតិ មាន​ប្រាង្គ​ប្រាសាទ ចម្លាក់​សិលា ដូចជា​ចម្លាក់​ពើង​ថ្ម និង​បុរាណ​ដ្ឋា​ន​ដ៏​ច្រើន​កន្លែង មាន​ស្ទឹង​ប្រវត្តិសាស្ត្រ មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ ទេសភាព​នៅលើ​គិរី​បុព្វ​តា​ដ៏​ស្រស់ត្រកាល ជាពិសេស​អ្នកទេសចរ​អាច​ស្នាក់​កំសាន្ដ​នៅក្នុង​រី​សត​តង់​តាម​ជើងភ្នំ​គូ​លេន ហើយ​បន្ដទៅ​ទស្សនា​ទឹកធ្លាក់​លើ​ភ្នំ​គូ​លេន ជិះ​កង់​ទៅលេង​ពើង​គំនូរ និង​ប្រាសាទបុរាណ​ជាច្រើន​ទៀត​នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន​នេះ​។ លោក​បាន​បន្ដទៀតថា ទីនោះ​អ្នកទេសចរ​គ្រប់​វ័យ​អាច​ទៅ​កំសាន្ដ​នៅ​ទីនោះ បាន​សប្បាយរីករាយ និង​ផាសុខភាព​ផងដែរ​។​

​លោក ប៉ែន រតនា បានឱ្យដឹង​ដែរ​ថា កន្លែង​ទេសចរ​ដ៏​ស្រស់ស្អាត​នេះ បានរៀបចំ​ឡើង​ជាង​មួយឆ្នាំ​មកហើយ ដោយមាន​ទាំង​ភោជនីយដ្ឋាន​ផងដែរ ប៉ុន្ដែ​ទើប​បើក​ដំណើរការ​ជាង​មួយខែ​ប៉ុណ្ណោះ​។ ការរៀបចំ​តំបន់​ទេសចរណ៍​ស្រស់ស្អាត​នេះ នៅលើ​ផ្ទៃដី ចំនួន​៣០​ហិកតា ក្នុងចំណោម​ផ្ទៃដី​សរុប ៦០​ហិកតា ជាប់​នឹង​ជើងភ្នំ​គូ​លេន​។

​លោក​បាន​បន្ថែមថា កន្លែង​ទេសចរណ៍​នេះ លោក​នឹង​បន្ដ​រៀបចំ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការពេញចិត្ដ​ពី​អ្នកទេសចរ ដែល​ទៅ​កំសាន្ដ ខណ​:​ដែល​តំបន់​ទេសចរណ៍ ដ៏​ស្រស់ស្អាត​នោះ ត្រូវបាន​ចំណាយ​រាប់លាន​ដុល្លា ដើម្បី​ធ្វើឱ្យ​តំបន់​នោះ​ក្លាយជា​ទេសចរ​ទាក់ទាញ​ពិតៗ​គ្រប់​រដូវ​កាល​។​លោក​បាន​អំពាវនាវ ដល់​អ្នកទេសចរ ទៅ​ទស្សនា​ទេសភាព ព្រមទាំង​សម្រាក​កំសាន្ដ​នៅ​សួនផ្កា​ជើងភ្នំ​គូ​លេន​នេះ នាឱកាស​ពិធី​ឆ្លង​ឆ្នាំ​២០២១​នេះ ដើម្បី​ជាការ​គាំទ្រ​ដល់​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​បានរៀបចំ​ដោយ​ពលរដ្ឋ​ខ្មែរ​។

​សូមជម្រាបថា កន្លងមក ក្រសួងទេសចរណ៍ ណែ​នាំឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ មាន​ការឱ្យ​រៀបចំ​តំបន់ភ្នំ​គូលែន ខេត្តសៀមរាប ទៅជា​«​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» និង​«​ទេសចរណ៍​បែប​ផ្សងព្រេង​»​ផងដែរ​។

​ជាមួយគ្នា​នោះ ក្រសួង ក៏បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ ដូចជា​ការរៀបចំ ច្នៃប្រឌិត និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ថ្មី នៅ​ភ្នំ​គូលែន​នេះ ស្របតាម​ស្ដង់ដា​ជាតិ និង​អន្តរជាតិ ខណ​:​ដែល​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្តសៀមរាប ពួកគេ​ក៏ត្រូវ​ការផលិត​ផល​ទេសចរណ៍​ផ្សេងៗ​ទៀត​ក្រៅពី​ប្រាសាទអង្គរវត្ត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close