ឆ្នាំ២០២១នេះ! ការប្រមូលផលនេសាទសមុទ្រ នៅខេត្តកំពត ថយចុះជាង២០០០តោន
ខេត្តកំពត៖ មន្ត្រីជំនាញជលផលមានផែនការជាច្រើនដើម្បីរក្សាអភិរក្ស និងរក្សាការពារធនធានធម្មជាតិសមុទ្រនៅឆ្នាំបន្តបន្ទាប់ខាងមុខ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ ផលនេសាទសមុទ្រមានការថយចុះជាលំដាប់។ ជាក់ស្តែងក្នុងឆ្នាំ២០២១ ការប្រមូលផលនេសាទសមុទ្រក្នុងខេត្តកំពតមានការថយចុះជាងឆ្នាំមុនចំនួនជាង ២០០០តោន។
លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ការប្រលផលនេសាទសមុទ្រមានចំនួន ១៨,០០០តោនប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២០ ការប្រមូលផលនេសាទសមុទ្រមានចំនួន ២០.៣០០តោន ពោលគឺ ថយចុះ ២.៣០០តោន ឬប្រមាណ ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០។
លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ការថយចុះនៃបរិមាណផលនេសាទនេះ បណ្តាលមកពីកត្តាពីរ យ៉ាងគឺ ទី១. កត្តាធម្មជាតិ មានការបម្រែបម្រួលអាកាសធាតុ មានខ្យល់ ព្យុះភ្លៀងខ្លាំងញឹកញាប់ជាដើម និងទី២.កត្តាមនុស្ស ការបាត់បង់ទីជម្រកក្នុងដែននេសាទ ដោយការអភិវឌ្ឍនៅតំបន់ឆ្នេរ ការលួចប្រើឧបករណ៍ខុសច្បាប់ និងកង្វះការយល់ដឹងទៅលើការការពារបរិស្ថាន និងធនធានធម្មជាតិសមុទ្រ។
លោក ស សុរិន បានបញ្ជាក់ថា មន្ត្រីជលផលនៅតែបន្តសកម្មភាពល្បាតជាប្រចាំដូចភ្លៀងរលឹម ដើម្បីការពារទប់ស្កាត់ បទល្មើសនេសាទ។ ជាងនេះទៅទៀត ខណ្ឌរដ្ឋបាលជលផល នឹងរៀបចំនៅគ្រប់សហគមន៍នេសាទទាំង៩កន្លែងក្នុងខេត្ត ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងការជួយទ្រទ្រង់ជីវភាពក្រៅពីការចេញទៅនេសាទ ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងប្រជានេសាទផងដែរ។
សូមបញ្ជាក់ថា ខេត្តកំពតមានទូក និងកាណូតនេសាទកំពុងប្រតិបត្តិការនៅតាមតំបន់ឆ្នេរសរុបចំនួន ១.០៥៣គ្រឿង ក្នុងនោះទូកម៉ាស៊ីនបាតមានចំនួន ៤៥២គ្រឿង ទូកមាស៊ីនខាងក្រៅមានចំនួន ៦០១គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។