ប្រទេសចំនួន៤ ធ្វើកិច្ចពិភាក្សាគ្នា ស្តីពីវិបត្តិនៅអ៊ុយក្រែន និងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់
ប៊ែរឡាំង៖ ក្រុមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិកបានធ្វើកិច្ចពិភាក្សាគ្នាស្តីពីស្ថានភាពនៅព្រំដែនអ៊ុយក្រែន និងទម្រង់ការសន្ទនានាពេលខាងមុខនេះជាមួយរុស្ស៊ី។ នេះបើតាមក្រសួងការបរទេសអាល្លឺម៉ង់បញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃពុធសប្តាហ៍នេះ។
ក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់បន្ថែមថា នាឱកាសនោះដែរ ក្រុមរដ្ឋមន្ត្រីការបរទេសប្រទេសទាំងបួនក៏បានធ្វើកិច្ចពិភាក្សាគ្នាអំពីជុំចុងក្រោយនៃកិច្ចចរចាអន្តរជាតិនៅទីក្រុងវីយែន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងរបៀបបង្ហាញសាមគ្គីភាពជាមួយប្រទេសលីទុយអានី ទាក់ទងនឹងសកម្មភាពថ្មីៗរបស់ចិន។
ដោយឡែកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏គ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូខលផងដែរ នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបង្កើតការឆ្លើយតបរួមគ្នាជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ចំពោះការបង្កើនវត្តមានយោធារបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។