ប៉ូលិស​ក្រុង​ហូជីមិញ ចាប់ខ្លួន​ម្តាយចុង ក្នុងករណី​អំពើហិង្សា​លើ​កុមារ បណ្តាលអោយ​ស្លាប់​កុមារី​ម្នាក់​ជា​កូនចុង

​ក្រុង​ហូជីមិញ ៖ នាយកដ្ឋាន​ប៉ូលីស​ស៊ើបអង្កេត​នៃ​សង្កាត់​ប៊ិ​ញ​ថា​ញ់ ទីក្រុង​ហូជីមិញ ទើបតែ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន លើ​ជនជាប់ចោទ​ឈ្មោះ Vo Nguyen Quynh Trang អាយុ ២៦​ឆ្នាំ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ ពីបទ​ប្រើប្រាស់​អំពើហិង្សា​លើ​កុមារ​បណ្តាលអោយ​បាត់បង់​ជីវិត ។​

Trang គឺជា​”​អនាគត​ម្តាយចុង​” របស់​កុមារី​រងគ្រោះ​មានឈ្មោះ N.T.Van An អាយុ​៨​ឆ្នាំ ក៏​ជា​អ្នកធ្វើ​ទារុណកម្ម លើ វ៉ាន់​អាន រហូតដល់​ស្លាប់​។ «​រឿង​កំពុង​ល្បី​នៅ​វៀតណាម ឪពុកម្តាយ​លែងលះគ្នា កូនស្រី​តូច​ម្នាក់ ត្រូវ​អនាគត​ម្តាយចុង វាយ​ធ្វើបាប​រហូតដល់​ស្លា​.​ប់​»

​ក្រោយ​ស៊ើបអង្កេត ពិតជា​មិន​នឹង​ស្មានថា ជា​ស្នាដៃ​របស់ “​ម្តាយចុង​” វាយ​កុមារី វ៉ាន់​អាន ដោយ​ប្រើ​រំពាត់ ដំបង​ឈើ ដោយ​ប្រើ​កណ្តាប់ដៃ និង​ទាត់ ។ ការឈឺចាប់​ខាង​ផ្លូវកាយ ដោយ​ការធ្វើ​ទារុណកម្ម ជា​រឿង​មួយ ឯ​សេចក្តី​តក់ស្លុត​ជាង​០១​ឆ្នាំ គឺ​រងកម្ម​ផ្លូវចិត្ត តើ​កុមារី វ៉ាន់​អាន រង​ទុក្ខ​ញឹកញាប់​ប៉ុណ្ណា ? តើ​នាង​អាច​រស់​ដោយមាន​សេចក្តីសុខ​បានទេ ?

​លទ្ធផល​ធ្វើ​កោសល្យវិច័យ បាន​បញ្ជាក់ថា កុមារី វ៉ាន់​អាន ស្លាប់​ដោយសារ រង​ការ​រលាក​សួត​ធ្ងន់ធ្ងរ ដោយ​លើ​ដងខ្លួន មាន​ស្នាម​ជាំ​សរសៃ​ច្រើន​កន្លែង ឆ្អឹងជំនី​បាក់ របួស​ត្រង់​ក្បាល មាន​ហូរឈាម និង​រលាក​ខួរក្បាល ។​

​សាក្សី​ដែលជា​អ្នកជិតខាង បាន​បង្ហាញថា ស្ត្រី​អាយុ​២៦​ឆ្នាំ ត្រូវជា​គូ​ដណ្តឹង​របស់​ឪពុក របស់​កុមារី វ៉ាន់​អាន បាន​ប្រើ​អំពើហិង្សា​ជាច្រើនលើក​ច្រើនសារ​មុនពេល​មាន​ករណី​ស្លាប់​នេះ​ទៀត ពោលគឺ​ចាប់តាំងពី​អ្នក​ទាំង​៣​នាក់ បានមក​រស់នៅ​ជាមួយគ្នា នៅ​អគារ​អា​ផាត​មិន​ជួល ក្នុង​សង្កាត់​ប៊ិ​ញ​ថា​ញ់ ក្រុង​ហូជីមិញ តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២០ មកម្ល៉េះ ។​

​អ្នកជិតខាង​បានបង្ហាញ​សក្ខីកម្ម​ថា នៅ​រសៀល​ថ្ងៃទី​២២ ខែធ្នូ ខណៈ​ឪពុក​គឺ​លោក N.K.T.Th. អាយុ​៣៦​ឆ្នាំ ជា​នាយក​ទីផ្សារ​នៅ​ក្រុមហ៊ុន​មួយ ចេញទៅ​ធ្វើ​ការបាត់ ម្តាយចុង Trang នាង​មាន​អារម្មណ៍​តានតឹង ខណៈ​កំពុង​បង្រៀន​កូនស្រី​ដើម វ៉ាន់​អាន នៅផ្ទះ ។ បន្ទាប់មក​នាង បាន​ស្តីបន្ទោស​ស្រែក​ខ្លាំងៗ និង​វាយ​ក្មេង​នោះ ដោយ​ប្រើ​ដំបង​ឈើ​ធំ ។​

​នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ដដែល កុមារី​អាយុ​៨​ឆ្នាំ បាន​ក្អួតចង្អោរ ហើយ​នាង Trang បាន​ទូរ​សព្ទ​ហៅ​ប្តី​មក​ផ្ទះ​វិញ និង​ធ្វើការ​សង្គ្រោះ​បឋម​លើ​កុមារី វ៉ាន់​អាន ។ បន្ទាប់មក វ៉ាន់​អាន ត្រូវបាន​បញ្ជូន​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែ​បាន​ស្លាប់​នៅពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ។​

​ជុំវិញ​រឿងរ៉ាវ​នេះ អ្នកលេង​បណ្តាញ​សង្គម​នៅ​វៀតណាម បាន​បញ្ចេញមតិ​ថា មិនចាំបាច់​និយាយ​បន្ថែម​អំពី​អំពើ​ដ៏​ឃោរឃៅ​របស់ “​ម្តាយចុង​” ឈ្មោះ Vo Nguyen Quynh Trang នោះទេ ច្បាប់​នឹង​ចាត់ការ​មនុស្ស​អាក្រក់​រូ​ប​នេះហើយ ប៉ុន្តែ​កុមារី វ៉ាន់​អាន នាង​មិនមែន​រស់នៅ​លើ​កោះ ដាច់ដោយឡែក​ជាមួយ​ម្តាយចុង​ទេ គឺ​រស់នៅក្នុង​សហគមន៍​អភិជន ដែលមាន​មនុស្សម្នា និង​អង្គការ​ការពារ​កុមារ​ជាច្រើន នៅ​ជុំវិញ ។​

​វ៉ាន់​អាន រស់នៅ​ជាមួយ​ឪពុក​បង្កើត​របស់គាត់​គឺ​លោក N.K.T.Th ជាមួយ​លោកស្រី Trang នៅក្នុង​បន្ទប់ អា​ផាត​មិន មួយ ។ កូនស្រី ត្រូវគេ​ធ្វើ​ទារុណកម្ម​ច្រើនដង សូម្បីតែ​បាក់ឆ្អឹង​ជំនីរ និង​ត្រូវរបួស​លើ​ខ្លួនប្រាណ តើ​លោកឪពុក​មាន​ដឹង​ទេ ? អ្នកសមគំនិត គួរតែ​ពិចារណា គឺ​ឪពុក​បង្កើត​រូបនេះ​ហើយ ។​

​ចំណែក​ម្ដាយបង្កើត​របស់ វ៉ាន់​អាន វិញ ប្រហែលជា​មិនបាន​ទាក់ទង​មក​កូនស្រី​ទេ ? បើ​ដូច្នេះ​មែន វ៉ាន់​អាន ច្បាស់​ជា​នឹង​ប្រាប់​ម្តាយ​របស់​នាង​ថា រូបនាង​ត្រូវ​ម្តាយចុង​វាយដំ និង​ធ្វើ​ទារុណកម្ម​ជា​រៀងរាល់ថ្ងៃ ។ មិនគួរ​វិនិច្ឆ័យ​លើ​អ្នកណាម្នាក់​ទេ ប៉ុន្តែ​ក្នុងករណីនេះ ទោះបីជា​នាង​មិន​នៅ​ជាមួយ​កូនស្រី​ក៏ដោយ ប្រសិនបើ​ម្តាយបង្កើត ពិតជា​យកចិត្តទុកដាក់ ចំពោះ​កូនស្រី​មែន​នោះ វា​នឹងមិន​កើតមាន​សោកនាដកម្ម​បែបនេះ​ទេ​។​

​ហើយ​អ្នកជិតខាង​ល្អ នៅឯណា ? នៅ​អគារ​អា​ផា​មិន ក្នុង​តំបន់ Saigon Pearl ដែលជា​ទីក្រុង​ពាណិជ្ជកម្ម​មួយ ជាទី​ប្រជុំជន ពោរពេញ​ដោយ​អភិជន រស់នៅ​ទីនោះ បានន័យថា គ្មាន​នរណាម្នាក់​បានឮ សម្រែក​របស់​កុមារី វ៉ាន់​អាន កាលពី​រសៀល​ថ្ងៃទី​២២ ខែធ្នូ ជា​ថ្ងៃ ដែល​ត្រូវគេ​ធ្វើ​ទារុណកម្ម​រហូតដល់​ស្លា​ប់ ប៉ុន្តែ​មុន​នោះ​នាង​តូច​ស្លាប់ នាង​ស្រែកយំ​ជាច្រើន​ដង ដោយសារតែ​ការឈឺចាប់​រាងកាយ នៅតែ​គ្មាន​នរណាម្នាក់​ធ្វើ​អន្តរាគមន៍​ជួយ​នាង​ទេ ភាព​ស្ងៀមស្ងាត់​របស់​អ្នកជិតខាង បានធ្វើ​ឲ្យ​មាន​បទឧក្រិដ្ឋ​មួយ​នេះ ។​

​វៀតណាម​មានច្បាប់​ប្រទេស មាន​អង្គការ​ការពារ​កុមារ​ជាច្រើន ប៉ុន្តែ​មាន​កុមារ​ជាច្រើន មិនបាន​ការពារ ជាក់ស្តែង​ដូច​ករណី​កុមារី N.T.Van An ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close