អាមេរិក​ ព្រមាន​ពី​«​ព្យុះ​កូ​វីដ​១៩» នៅ​ដើមឆ្នាំ​២០២២​នេះ​

​ករណី​ឆ្លង​រាលដាល​កូ​វីដ ១៩ កើនឡើង​ខ្ពស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​នៅ​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០២១ អាមេរិក​មាន​ករណី​ឆ្លង​ជាង ៣៨០​ពាន់​នាក់ តែ​នៅថ្ងៃនេះ​អាមេរិក​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ រហូតដល់​ទៅ ជិត​៦​សែន​នាក់ ក្នុងពេល​២៤​ម៉ោង​។​

​ក្នុង​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០២២ អាមេរិក​បានសម្រេច​លុប​ជើងហោះហើរ​រហូតដល់​ទៅ​ជាង ២​ពាន់​ជើង ដោយសារតែ​ករណី​ឆ្លង​កូ​វីដ ១៩ កើនឡើង​ខ្ពស់ ធ្វើ​ឲ្យ​ក្រុម​អាកាសយានិក បុគ្គលិក​ជាច្រើន​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ខ្វះ​បុគ្គលិក​ហោះហើរ​។​

​តាម​គេហទំព័រ Flight Aware.com គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២២(​ម៉ោង​អាមេរិក​) មាន​ជើងហោះហើរ​រហូតដល់​ទៅ ២៣១១​ជើងបាន​លុបចោល (​ជា​ជើងហោះហើរ​ក្នុងស្រុក​) ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្នក​ដំណោះរ​រាប់សិប​ពាន់​នាក់​ក្នុង​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០២២​។​

​សកម្មភាព​ខា​លើ​កើតឡើង ក្រោយពេល​អាមេរិក មាន​ករណី​ឆ្លង​កូ​វីដ ១៩​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក​។ នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប​រហូតដល់​ទៅ ៥៧២,០២៩ នាក់​ទៀត បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ១,៣៦២​នាក់ បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៥៥,២៥២,៨២៣​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៨៤៥,៧៤៥​នាក់ និង​ជាសះស្បើយ​ឡើង​សរុប​ជាង ៤១.៤៦​លាន​នាក់​។ សម្រាប់​ចំនួន​ប្រជាជន​សរុប ដែល​កំពុង​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​គឺជា​ង ៣៣២​លាន​នាក់​។​

​ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង គិត​ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប​ចំនួន​ជាង ៥០៦​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ២៤៣.១៨​លាន​នាក់ (៧៣.៨% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​យ៉ាងហោចណាស់ ១​ដូ​ស​, ២០៤.០៥​លាន​នាក់ (៦១.៩% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស និង ៦៧.៨៧​លាន​នាក់ (២០.៦% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​ដូ​ស​ជំរុញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close