៣​ថ្ងៃ​! ឈប់សម្រាក​ឆ្លង​ឆ្នាំ​ថ្មី និង​ចុង​សប្តាហ៍ ភ្ញៀវទេសចរ​ជាង ២​លាន​នាក់ ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​កម្ពុជា​

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា រយៈពេល​៣​ថ្ងៃ នៃ​ថ្ងៃ​សម្រាក​ឆ្លង​ឆ្នាំ​សកល និង​ចុង​សប្តាហ៍ គឺ​ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ ភ្ញៀវទេសចរ​ផ្ទៃក្នុង​ចំនួន ២ ០០២ ២៩៨​នាក់ បាន​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា នៅ​ទូទាំងប្រទេស ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ១ ៩៩០ ៤២៩​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១១ ៨៦៩​នាក់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា គោលដៅ​ទេសចរណ៍​សំខាន់ៗ រយៈពេល​៣​ថ្ងៃនេះ រួមមាន​៖
* រាជធានី​ភ្នំពេញ ៦០៨ ៨៥៥​នាក់​
* ខេត្តសៀមរាប ២៨៧ ៨៣៧​នាក់​
* ខេត្ត​ព្រះសីហនុ ១៥៦ ៧៥៣​នាក់​
* ខេត្តកំពត ១៥០ ៦០១​នាក់​
* ខេត្តបាត់ដំបង ១២២ ០៣៧​នាក់​
* ខេត្ត​កែប ១១៤ ២២២​នាក់​
* ខេត្តកំពង់ស្ពឺ ១០២ ៣៨១​នាក់​

​ឯកឧត្តម​រដ្ឋមន្ត្រី​ទេសចរណ៍ បាន​បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ​រយៈពេល​៣​ថ្ងៃនេះ មាន​ចំនួន​ច្រើន​លើសពី​ការរំពឹងទុក ដោយមាន​ការកើនឡើង​ប្រមាណ ៧៤.២៤% ធៀប​នឹង​ឆ្នាំ​២០២១​។ ទន្ទឹមនឹងនេះ ក្រៅពី​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​សំខាន់ៗ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេងទៀត ដើរ​កម្សាន្ត​មិន​ឆ្ងាយ​ពី​គេហដ្ឋាន​ជា​លក្ខណៈ​ក្រុមគ្រួសារ និង​មិត្ត​ភ័​ក្ត ដើម្បី​ជួបជុំ​ញាំ​អាហារ នៅតាម​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន និង​កន្លែង​ដែលមាន​ការរៀបចំ​កែច្នៃ​ជា​ក្ចុ​ស និង​កន្លែង​អង្គុយ​ជាដើម​។​

​ឯកឧត្តម ថោង ខុន បាន​បន្ថែមថា គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស បានទទួល​ចរន្ត​ភ្ញៀវទេសចរ​ច្រើន​កុះ​កុរ ដោយសារ​រាជរដ្ឋាភិបាល បាន​បិទ​បញ្ចប់​ព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក​មួយចំនួន បានរៀបចំ​ជា​ព្រឹត្តិការណ៍​អបអរសាទ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ការប្រគុំ​តន្ត្រី ការតុបតែង​លម្អ​ក្រុង ដាក់​ភ្លើង​បំភ្លឺ និង​បាញ់​កាំជ្រួច​ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ដូចជា​នៅ​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​បុណ្យ​ភូមិ​សៀមរាប និង​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​ជាដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានកត់សម្គាល់​ឃើញថា វិស័យ​ឯកជន ប្រតិបត្តិ​ករ​ទេសចរណ៍ និង​បងប្អូន​ដែល​រក​ទទួលទាន ក្នុង​វិស័យ​ទេសចរណ៍ ក៏​សំដែង​នូវ​ក្តី​រីករាយ និង​សុទិដ្ឋិនិយម ចំពោះ​ចរន្ត​ភ្ញៀវ​នាឱកាស​ឆ្លង​ឆ្នាំ​សាកល​នេះ ពិសេស​សម្រាប់​ការចាប់ផ្តើម​ឆ្នាំ​២០២២​នេះ ខណៈដែល​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​កា​ន់​តែ​ច្រើន បាន​ដំណើរការ​ឡើងវិញ រាប់​តាំងពី​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ការី​ទេសចរណ៍​ជាដើម ស្រប​ពេលដែល​បុគ្គលិក​បម្រើការ​សុទ្ធតែ​ទទួលបាន​ការចាក់​វ៉ាក់សាំង ពេញលេញ​តាម​ការកំណត់​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​វាយតម្លៃ​ជាបឋម​ថា ចរន្ត​ភ្ញៀវ​នាឱកាស​ឆ្លង​ឆ្នាំ​សាកល​នេះ គឺ​សញ្ញា​វិជ្ជមាន​មួយ​នៃ​ការចាប់ផ្តើម​ឡើងវិញ ពេញលេញ​នៃ​វិស័យ​ទេសចរណ៍ ពិសេស​ទេសចរណ៍​ផ្ទៃក្នុង ដើម្បី​ឈានទៅ​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ឡើងវិញ ស្រប​ពេលដែល​ចំណូល​ពី​លំហូរ​ភ្ញៀវទេសចរ​នេះ បាន​ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​មូលដ្ឋាន ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការបន្ត​ប្រុង​ប្រ័យ​ត្ន និង​សម្រប​ខ្លួន​កាន់តែ​ពេញលេញ ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​បរិបទ​ជំងឺ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close