សម្តេច ហ៊ុន សែន ព្រមានក្រុមហ៊ុនលីឈួង រឿងឃុបឃិតជាមួយអភិបាលខេត្តមួយចំនួនសង់សំណង់ដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាល
ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការព្រមានធ្ងន់ៗចំពោះក្រុមហ៊ុនសំណង់ លីឈួង ដែលបានឃុបឃិតជាមួយអភិបាលខេត្តមួយចំនួនធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្ត ដោយពុំមានការយល់ព្រមពីរាជរដ្ឋាភិបាល។
សម្តេចបានបញ្ជាក់ថា ក្រុមហ៊ុនសំណង់ដែលមានប្រវត្តិសង់អគារសន្តិភាព និងអគាររដ្ឋសភាជាតិ មួយនេះ បានដាក់សំណើរមកកាន់សម្តេច ប៉ុន្តែសម្តេចមិនបានយល់ព្រមនោះទេ ប៉ុន្តែនៅពេលសម្តេចមើលរបាយការណ៍ចុងឆ្នាំ ទើបបានដឹងថា ក្រុមហ៊ុនមួយនេះបានប្តូរយុទ្ធសាស្រ្តដោយទៅឃុបឃិតជាមួយអភិបាលខេត្តមួយចំនួនធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដោយក្រុមហ៊ុននេះស្ថាបនាមុន រួចទើបយកលុយជាក្រោយ។
ចំពោះករណីនេះ សម្តេចបានដាក់បញ្ជាទៅដល់គ្រប់ខេត្តទាំងអស់ដែលមិនទាន់បានសាងសង់ត្រូវបញ្ឈប់ភ្លាម ហើយបើខេត្តណាដែលបានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរួចហើយដោយក្រុមហ៊ុនលីឈួង នោះត្រូវបង់លុយឲ្យទៅក្រុមហ៊ុនរយៈពេល ២០ឆ្នាំដោយរាជរដ្ឋាភិបាល នឹងមិនចំណាយថវិកាសងជំនួសខេត្តនោះទេ។
«វាជាការព្រមានដល់ក្រុមហ៊ុន លី ឈួង និងក្រុមហ៊ុនដទៃ កុំឲ្យធ្វើសកម្មភាពអនុវត្តគម្រោងសាងសង់មុន ហើយសងប្រាក់តាមក្រោយ… ការអនុវត្តគម្រោងហើយ ទូទាត់ប្រាក់តាមក្រោយនេះ វានឹងបង្កើតជាបំណុល ហើយនឹងអំពើពុករលួយ»
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។