ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​សំឡូត​- វាលវែង​-​អូរ​សោម ដល់​ខេត្តកោះកុង សាងសង់​សម្រេចបាន ៥៤,៨៩%​ហើយ គិត​ត្រឹម​ចុងឆ្នាំ​២០២១

​ខេត្តកោះកុង​៖ លោក​អគ្គនាយករង ស្រេង ស្រស់ តំណាង​អគ្គនាយកដ្ឋាន​សាធារណការ និង​ជា​ប្រធាន​អង្គភាព​អនុវត្ត គម្រោង​(PIU) និង​លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ កាលពី​ចុង​សប្តាហ៍​កន្លងទៅ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ ដោយមាន​ការចូលរួម​អមដំណើរ​ពី​មន្ត្រី​ជំនាញ និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ដែល​ប្រចាំការ​នៅ​ការដ្ឋាន​ផ្លូវ​ដ៏​វែង​ឆ្លងកាត់​ព្រៃព្រឹក្សា​ដ៏​ស្រស់បំព្រង​នេះ​។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ធានា​ឱ្យ​ការសាងសង់​ស្របតាម​ស្តង់ដា​បច្ចេកទេស​ប្រកប ដោយ​គុណភាព​បាន​រឹងមាំ និង​អាច​ប្រើប្រាស់​បានយូរ​អង្វែង ក៏ដូចជា​ក្នុង​គោលបំណង​ដើម្បី​ផលិត ព័ត៌មាន​ទុកជា​ឯកសារ​អំពី​ផ្លូវ​នេះ​នៅមុន និង​ក្រោយពេល​ការស្ថាបនា​សំដៅ​ធ្វើការ​ប្រៀបធៀប និង​ស្វែង យល់​អំពី​លក្ខណៈ​បច្ចេកទេស ការខិតខំ​ប្រឹងប្រែងរ​បស់​មន្ត្រី​ជំនាញ​ក្នុងការ​សាងសង់ និង​ឆ្លុះបញ្ចាំង​អំពី ការយកចិត្តទុកដាក់​លើ​ការងារ​បច្ចេកទេស​ផងដែរ​។​

​សូមជម្រាបថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​សរុប​ចំនួន ១៩៨,៥១៨​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត​- វាលវែង​-​អូរ​សោម ដល់​ខេត្តកោះកុង សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​កម្រិត​៣ របស់​សាធារណរដ្ឋ​ប្រជាមានិត ចិន មាន​ទទឹង​តួ​ផ្លូវ​សរុប​ចំនួន​៩​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់​(DBST) សាងសង់​ស្ពាន​ចំនួន​២៨ កន្លែង​ប្រវែង​២ ៩២៤,៤៦​ម៉ែត្រ ដែល​ក្នុងនោះ​មាន​ស្ពាន​ខ្ពស់​ជាងគេ​មួយ ដែលមាន​កម្ពស់​៧៥​ម៉ែត្រ បណ្តោយ​៥៣០​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ព្រមទាំង​មាន​បំពាក់​ផ្លាកសញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព ហើយ​គិត​ត្រឹម​ចុងឆ្នាំ ២០២១ គម្រោង​នេះ​សម្រេច​វឌ្ឍនភាព​ការងារ​ជារួម​បាន​៥៤,៨៩%​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close