ផលិតផលក្លែងក្លាយ អន់គុណភាព និងខុសច្បាប់ជាង ៧០តោន ត្រូវបានបំផ្លាញចោល
ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយ បង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខុសច្បាប់ ពាក់ព័ន្ធផលិតផលវេជ្ជសាស្ត្រ ក្លែងក្លាយ អន់គុណភាព គ្មានស្តង់ដារ និងខុសច្បាប់ ជាង ៧២តោន ត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២១ និងត្រូវបានយកទៅបំផ្លាញចោល។ នេះបើយោងតាមរបាយការណ៍របស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ផលិតផលទាំងជាង ៧២តោននោះ បានធ្វើការបង្ក្រាបចំនួន ២៧ករណី (បានរឹបអូសបំផ្លាញចោលលើកទី១ ចំនួនជាង ៧០តោន) ដូចជា បរិក្ខាពេទ្យក្លែងក្លាយ (អាល់កុល និងម៉ាស់) ផលិតផលវេជ្ជសាស្ត្រ, ស្រោមដៃក្លែងក្លាយ, ឧបករណ៍តេសកូវីដ, ឱសថកូវីដ និងគ្រឿងបរិក្ខាពេទ្យជាច្រើនទៀត។
ទន្ទឹមនឹងនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏បានអំពាវនាវដល់ ពាណិជ្ជករ អាជីវករ និងពលរដ្ឋទាំងអស់ ត្រូវលក់ និងចែកចាយផលិតផលណាដែលមានគុណភាព និងមានចុះបញ្ជីការត្រឹមត្រូវពីក្រសួងស្ថាប័នពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។