អាមេរិករកឃើញករណីឆ្លងកូវីដ១៩ ជិត ២សែននាក់ ក្នុងនោះមានរដ្ឋមន្ត្រីការពារជាតិលោកLloyd Austin
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១៨៥,១២២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៦,១៤២,១៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៤៧,៤០៨នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.៥៤លាននាក់។
ក្នុងចំណោមករណីឆ្លងកូវីដ ១៩ ថ្មីគឺមានរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានរកឃើញវិជ្ជមានកូវីដ១៩ ក្រោយលោកចេញអការបន្ទាប់ពីឈប់សម្រាកវិសមកាល ។ តាមសារព័ត៌មានរ៉យទ័រ លោក Lloyd Austin បានធ្វើតេស្តនៅថ្ងៃទី ២ខែមករា (ពេលវេលាអាមេរិក) ក្រោយលោកចេញអការដូចកូវីដ១៩ ហើយលទ្ធផលពិតជាឆ្លងម៉ែន។
រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានចាក់វ៉ាក់សាំងគ្រប់ចំនួន ពីរដូសហើយថែមទាំងដូសជំរុញទៀតផង។ លោកបានជួបជាមួយប្រធានាធិបតីចុងក្រោយបង្អស់នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២១ គឺមុន១សប្តាហ៍មុនពេលលោក Lloyd Austinចេញអការៈ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Austin ក៏បានបញ្ជាក់ផងដែរថា លោកអាចនឹងចូលរួមកិច្ចតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងសប្តាហ៍ថ្មីនេះ ទៅតាមកម្រិតដែលលោកអាចធ្វើទៅបាន។
រដ្ឋមន្ត្រីការពារជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានជូនដំណឹងអំពីការធ្វើតេស្តវិជ្ជមានរបស់ខ្ញុំ ទៅកាន់ថ្នាក់ដឹកនាំ ក៏ដូចជាលោកប្រធានាធិបតីចូ បៃដិនរួចរាល់ហើយ។ បុគ្គលិករបស់ខ្ញុំ បានចាប់ផ្តើមទទួលការធ្វើតេស្ត ហើយអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ នៅអំឡុហពេលមួយសប្តាហ៍ចុងក្រោយនេះ ក៏ត្រូវបានណែនាំឲ្យធ្វើតេស្តដូចគ្នា»។
លោក Austin នៅតែឆ្លៀតពេលនេះ ជំរុញឲ្យពលរដ្ឋអាមេរិកកាំង ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំង «ដូសជំរុញ» នៅពេលពួកគេគ្រប់លក្ខខណ្ឌដែលត្រូវចាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។