វៀតណាម កំណត់ការនាំចេញផ្លែក្រូចថ្លុង ទៅអាមេរិក
Vnexpress បានចេញផ្សាយថា ប្រទេសវៀតណាមនឹងចាប់ផ្តើមនាំចេញផ្លែក្រូចថ្លុង ទៅសហរដ្ឋអាមេរិក នៅរយៈពេល២ខែទៀត ដែលជាការបន្ថែមឈ្មោះមុខផ្លែឈើមួយទៀត ដែលអាចនាំទៅទីនោះ សរុបទាំងអស់ចំនួន៧មុខហើយ ដោយគេដឹងថា ការបង្កើនប្រភេទផ្លែឈើទៅទីផ្សារអាមេរិក គឺជារឿងលំបាកមួយ ធៀបនឹងទីផ្សារពិភពលោក។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ Tran Thanh Nam បាននិយាយក្នុងវេទិការមួយ នាពេលថ្មីនេះថា ក្រុមអ្នកនាំចេញគួរតែធ្វើការជាមួយអាជ្ញាធរជំនាញក្នុងស្រុក ដើម្បីបញ្ចប់រាល់នីតិវិធីឯកសារផ្សេងៗ។ ក្នុងវេទិកានោះ ក៏មានការបង្ហាញពីគម្រោងនាំចេញផ្លែដូងមួយប្រភេទទៀត ទៅកាន់ទីផ្សារអាមេរិកដែរ ដែលជាផ្លែឈើទី៨។
បើតាមប្រភពពីទីភ្នាក់ងារព័ត៌មាន Vnexpress ដដែល ការនាំចេញផ្លែឈើនិងបន្លែរបស់វៀតណាមទៅសហរដ្ឋអាមេរិក ក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២១ បានកើនឡើង ៣៣ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២០ មានតម្លៃសរុប ២០៣លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។