កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត នឹង​បញ្ចប់​ការសាងសង់ នៅ​ចុងខែ​មីនា​

ខេត្តកំពត​៖ ការសាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ក្នុង​ខេត្តកំពត មានការ​យឺតយ៉ាវ​បន្តិច ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​អាកាសធាតុ ហើយ​បច្ចុប្បន្ន​គម្រោង​នេះ សម្រេចបាន ៩០​ភាគរយ​ហើយ និង​គ្រោង​បញ្ចប់​កា​សាងសង់​នៅត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២​។​

​លោក សុខ សុ​គុណ អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ចាត់ចែង​គម្រោង​នេះ បានឱ្យដឹងថា ការស្ថាបនា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ក្នុ​ត​ខេត្តកំពត ស្ថិតក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​ការរីកចម្រើន​ប្រកបដោយ​ចីរភាព នៅក្នុង​មហា​អនុតំបន់​មេគង្គ​(GMS)​។

​គម្រោង​នេះ​បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ អនុវត្តន៍​ដោយ​អង្គភាព​គ្រប់គ្រង​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២១​។ បច្ចុប្បន្ន​គម្រោង​ទាំងមូល​សម្រេចបាន​ប្រមាណ​៩០​ភាគរយ​ហើយ​។ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ នឹង​ក្លាយជា​ច្រក​សមុទ្រ​អន្តរជាតិ​ដ៏​សំខាន់​មួយ ដែល​ត​ភ្ជាប់​ផ្នែក​ឆ្នេរសមុទ្រ​ភាគខាងត្បូង​របស់​ប្រទេស​កម្ពុជា ពី​ខេត្តកំពត​ទៅកាន់​ពិភពលោក​។​

​សូមបញ្ជាក់ថា តាម​ការរំពឹងទុករ​បស់​ក្រសួងទេសចរណ៍ កំពង់ផែ​នេះ​អាចមាន​សមត្ថភាព​ទទួល​អ្នកដំណើរ និង​អ្នកទេសចរ​បាន​ប្រមាណ ១​លាន​នាក់ ក្នុង​មួយឆ្នាំ​។ ម្យ៉ាងវិញទៀត​កំពង់ផែ​នេះ​នឹង​លើកស្ទួយ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​បន្ថែមទៀត ជាពិសេស​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត និង​ទិសដៅ​តំបន់ឆ្នេរ​ផ្សេងៗ​ទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close