សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​ប្រាក់រង្វាន់ ជូន​កីឡាការិនី អ៊ុក ស្រីមុំ ក្រោយ​ដណ្តើមបាន​មេដាយមាស​ពិភពលោក​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពី​ដណ្តើមបាន​មេដាយមាស​ពិភពលោក​ពី​ការប្រកួត​ប៉េតង់​នៅ​ទីក្រុង​សាន់​តា​ស៊ូ​សា​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា សប្បាយរីករាយ និង​អបអរសាទរ​ចំពោះ​ជ័យលាភី កីឡា​ការី​នី អ៊ុក ស្រីមុំ និង​លោកគ្រូ​បង្វឹក ដែល​បាន​ខិតខំ​រហូត​ទទួលបាន​មេដាយមាស​ជូន​ជាតិ​មាតុភូមិ​នាពេលនេះ​។ សម្តេច​តេ​ជោ បានចាត់ទុក​ការ​ដណ្តើមបាន​មេដាយមាស​ពិភពលោក របស់​កីឡាការិនី អ៊ុក ស្រីមុំ ក៏ដូចជា​កីឡាករ កីឡាការិនី​ដទៃទៀត គឺជា​កិត្តិយស​របស់​ជាតិ​ទាំងមូល​។ ការ​ចេញទៅ​ប្រកួត​របស់​កីឡាករ កីឡាការិនី គឺជា​ការ​តំណាងឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ដូច្នេះហើយ​សម្តេច​តែងតែ​ទូន្មាន និង​អប់រំ ដល់​កីឡាករ កីឡាការិនី ពេលចេញ​ប្រកួត​ម្តងៗ ត្រូវតែ​រក្សា​ភាពថ្លៃថ្នូរ និង​គោរ​ទៅតាម​លក្ខ​ខ​ន្តិ​កៈ​ការប្រកួត​របស់គេ​។ សម្តេច​តេ​ជោ​ថ្លែងថា វិស័យ​កីឡា​កំពុង​ដើរ​តាម​កន្លង នៃ​ព្រះរាជកិច្ច​ដឹកនាំ​របស់​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដោយ​ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុកដាក់​ខ្ពស់​លើ​វិស័យ​កីឡា រហូត​ឈានទៅ​សាងសង់​ពហុ​កីឡដ្ឋាន​អូរ​ឡាំ​ពិ​ក​សព្វថ្ងៃនេះ​។

សម្តេច​តេ​ជោ បាន​ថ្លែងថា វិស័យ​កីឡា មិន​ប្រកាន់​ប្រទេស​តូច ធំ ឬ​ប្រទេស​មាន ក្រ និង ប្រជាជន​តិច ឬ​ច្រើន​នោះទេ សំខាន់​ស្ថិតនៅត្រង់​សមត្ថភាព​នៃ​ការប្រកួត និង​ការហ្វឹកហាត់​។​ ទាក់ទង​នឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩ នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្រាប់​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី អូ​មី​ក្រុង គឺ​មិន​អនុញ្ញាតឱ្យ​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​ផ្ទះ​ឡើយ នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ ហើយ​ករណីនេះ ក៏​មិន​អនុញ្ញាត​ឱ្យមាន​ការធ្វើអន្តរាគមន៍​ណាមួយ​ដើម្បី​បាន​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ​នោះទេ​។​

ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​៧-៨ មករា​ខាងមុខនេះ សម្តេច​តេ​ជោ​បាន​ថ្លែងថា ដំណើរ​របស់​សម្តេច​ទៅ​មី​យ៉ាន់​ម៉ា នឹងមិន​ជជែក​លើសពី​កុងសង់ស៊ីស​ទាំង​៥​ចំណុច ដែល​បាន​ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​នៅ​ឥណ្ឌូនេស៊ី​នាពេល​កន្លងមក​នោះទេ​។ សម្តេច​បាន​ថ្លែងថា ប្រសិនបើ​មី​យ៉ាន់​ម៉ា អាចមាន​ដំណើរការ​ប្រជាធិបតេយ្យ គឺជា​គុណសម្បត្តិ​នៃ​ការប្រឹងប្រែង​របស់​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​។ បញ្ហា​របស់​មី​យ៉ាន់​ម៉ា មិនមែនជា​រឿង​សាមញ្ញ​នោះទេ ដូច្នេះ​ត្រូវ​រក​ដំណោះស្រាយ​ពិសេស ទើប​អាច​ដោះស្រាយបាន​។

​នៅក្នុង​ថ្ងៃនេះ សម្រាប់​ប្រាក់រង្វាន់​ដែល​ត្រូវ​ផ្ដល់ជូន​កីឡាការិនី អ៊ុក ស្រីមុំ មាន​ថវិកា​របស់​ក្រសួង​អប់រំ ចំនួន​៤០​លាន​រៀល និង​ថវិកា​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ចំនួន​១​ម៉ឺន​ដុល្លារ និង​គ្រូបង្វឹក​ទទួលបាន​ថវិកា​របស់​ក្រសួង​អប់រំ​ចំនួន​៤០​លាន​រៀល និង​ថវិកា​របស់​សម្ដេច និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ចំនួន​៥​ពាន់​ដុល្លារ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ និង​អគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ កីឡាការិនី ម្នាក់ៗ និង​អរគុណ​ដល់​សួង​អប់រំ​យុវជន និង​កីឡា សហព័ន្ធ​កីឡា គ្រូបង្វឹក​ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​វិស័យ​កីឡា​ជាតិ​អោយ​កាន់តែ​រីកចម្រើន​។ សម្ដេច​តេ​ជោ​ក៏បាន​ជូនពរ​អោយ​ក្មួយៗ កីឡាករ កីឡាការិនី​ទាំងអស់ សូម​ទទួលបាន​ជោគជ័យ​ថ្មីៗ​ជា​បន្តបន្ទាប់​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close