រថយន្តបុកម៉ូតូ បើកស្របទិសគ្នា ស្លាប់ម្នាក់ និងរបួសធ្ងន់ ២នាក់ នៅក្រុងច្បារមន
ខេត្តកំពង់ស្ពឺ៖ កាលពីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងបណ្តាលឲ្យមនុស្សម្នាក់ បានស្លាប់ និងមនុស្ស ២នាក់ទៀត បានរងរបួសធ្ងន់ នៅលើផ្លូវលេខ១០៥ ចំណុចរង្វង់មូលផ្លែស្ពឺ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត ០១គ្រឿង ម៉ាកTacoma ពាក់ផ្លាកលេខភ្នំពេញ 2BA-1655 បើកបរដោយឈ្មោះ ហេង គៀត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិពងទឹក ឃុំវល្លិ៍សរ ស្រុកសំរោងទង ពេលមកដល់កន្លែងកើតហេតុ បានបុកម៉ូតូ ០១គ្រឿងម៉ាក Scopy ពណ៌ក្រហម ផ្លាកលេខភ្នំពេញ1CT-4027 អ្នកបើកបរឈ្មោះ ឈុន លីដា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន (របួសធ្ងន់) រីឯអ្នករួមដំណើរ ០២នាក់ ទៀតរបួសធ្ងន់ម្នាក់និង ស្លាប់ម្នាក់ ។
តាមការបញ្ជាក់ពីជំនាញចរាចរណ៍ អ្នកបើកបររថយន្ត មានកម្រឹតជាតិស្រវឹង អាកុល លើសពីច្បាប់កំណត់ ទើបបណ្ដាលឱ្យបង្កគ្រោះថ្នាក់ប៉ះពាល់អាយុជីវិតអ្នកដទៃបែបនេះ។ ក្នុងហេតុការណ៍ខាងលើរថយន្តបានបន្ដទៅបុករបងផ្ទះទម្លុះចូលទៅខាងក្នុង តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ បំផ្លាញតែទ្រព្យសម្បត្តិតែប៉ុណ្ណោះ ។
ករណីខាងលើសមត្ថកិច្ចជំនាញចរាចរណ៍ បានយកមធ្យោបាយ និងឃាត់ខ្លួន ជាក់ស្ដែង អ្នកបើកបរ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។