ចិន​បាន​ត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​

​បើទោះបី​មាន​ករណី​ឆ្លង​កូ​វីដ ១៩ នៅក្នុង​ទីក្រុង​មួយចំនួន​នៅ​ប្រទេស​ចិន ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​ប្រកួត​កីឡា​អូឡាំពិក​នោះឡើយ​។​

​កាលពី​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០២២ ទីក្រុង Yuzhou ខេត្ត Henan ដែលមាន​ពលរដ្ឋ​ជាង​១​លាន​នាក់ ត្រូវបាន​បិទទ្វារ​ក្រោយពី​រកឃើញ​ក​រ​ណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣​នាក់ ដោយ​មិន​ចេញ​អាកា​រៈ​នោះឡើយ​។ ក្រោយ​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ទីក្រុង​នេះ​ក៏ត្រូវ​បានប្រកាស​បិទទ្វា​រ​ដូច​ទីក្រុង​២​ផ្សេងទៀត​ដែរ​។​

​ចាប់តាំងពី​មាន​វត្តមាន​កូ​វីដ​-១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​មក ចិន​នៅតែ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ «Zero Covid -19 » ដោយបាន​សម្រេច​បិទ​ទីក្រុង​ដើម្បី​ទប់ស្កាត់​ការឆ្លង ។ ប៉ុន្តែ​យុទ្ធសាស្ត្រ​គ្មាន​កូ​វីដ​-១៩ កំពុង​ជួប​បញ្ហា​យ៉ាងខ្លាំង ក្នុងពេលដែល​មានការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២​។ ទីក្រុង Yuzhou មាន​ពលរដ្ឋ​ជាង​១,១៧​លាន​នាក់ ស្ថិតនៅក្នុង​ខេត្ត​Henan បានប្រកាស​បិទ​ទីក្រុង​តាំងពី​យប់​ថ្ងៃទី​៣​ខែមករា ក្រោយ​ការរកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩​ចំនួន​៣​នាក់​។ ពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​នេះ​មិនអាច​ចាកចេញ​ពី​ទីក្រុង​នេះឡើយ​។ រាល់​សកម្មភាព​សាធារណៈ​នៅក្នុង​ទីក្រុង​គឺ​ត្រូវ​ផ្អាក​ទាំងអស់ ក្នុងនោះ​មាន​រថយន្តក្រុង មជ្ឈមណ្ឌល​ផ្សារ​ទំនើប តំបន់​ទេសចរណ៍​…​។​

​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន បាន​ចុះ​ពិនិត្យ​កីឡាដ្ឋាន​ជិះ​ស្គី​ល្បឿន​លឿន​ជាតិចិន មជ្ឈមណ្ឌល​ប្រព័ន្ធ​សារព័ត៌មាន នៃ​ការប្រកួត​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងា​ក្រុង​ប៉េកាំង (Beijing2022), ភូមិ​កីឡា Beijing2022, មជ្ឈមណ្ឌល​ប្រតិបត្តិ និង​បញ្ជាការ Beijing2022 មូលដ្ឋាន​ហ្វឹកហាត់​កីឡា​ព្រិល​ទឹកកក ដែល​កែច្នៃ​ចេញពី​រោងចក្រ​ចាស់ ដើម្បី​ស្វែងយល់​ពី​ការងារ​ត្រៀម​រៀបចំ ការប្រកួត​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងា​ក្រុង​ប៉េកាំង Beijing2022​។​

​លោក​បាន​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​អត្ត​ព​លិ​ក គ្រូបង្វឹក បុគ្គលិក​គ្រប់គ្រង​ការងារ​ដំណើរការ បុគ្គលិក​ផ្តល់​សេវាកម្ម បុគ្គលិក​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា អ្នកសារព័ត៌មាន និង​អ្នកស្ម័គ្រចិត្ត​ជាដើម ព្រមទាំង​សម្តែង​ការ​ជូនពរ​ឆ្នាំ​ថ្មី​ចំពោះ​ពួកគេ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close