ឆ្នាំ​២០២១! កម្ពុជា ផលិតផល​ស្រូវ​បាន​ជាង ១២​លាន​តោន​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​បឋម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ទិន្នផល​ស្រូវ​របស់​ប្រទេស​កម្ពុជា បាន​កើន​ឡើងដល់ ១២,២០​លាន​តោន ក្នុង​ឆ្នាំ ២០២១ កើនឡើង ១១,៦៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២០ ដែលមាន​បរិមាណ​ចំនួន ១០,៩៣​លាន​តោន​។​

​ការកើនឡើង​នៃ​ទិន្នផល​ស្រូវ​ឆ្នាំ ២០២១ មាន​កត្តា​សំខាន់ៗ​មួយចំនួន ក្នុងនោះ​រួមមាន ការកើនឡើង​នៃ​ផ្ទៃដី​ដាំ​ដុះ​, ការបង្កបង្កើន​ផលរ​បស់​ប្រជាកសិករ​បាន​លឿន​ជាង​មុន និង​មាន​បច្ចេកទេស​ដាំ​ដុះ​ដែល​ទទួលបាន​ទិន្នផល​ខ្ពស់ជាង​មុន ជាមួយ​ការប្រើប្រាស់​គ្រឿងចក្រ​ក​សិ កម្ម និង​គួបផ្សំ​ឆ្នាំ​កន្លងទៅនេះ មាន​ភាព​អំណោយផល​អាកាសធាតុ ជាពិសេស​មាន​ភ្លៀង​ជោគ​ជំ​រហូតដល់​ចុងរដូវ​វស្សា​។​

​កំណើន​បរិមាណ​ផល​ស្រូវ​ប្រមូលបាន​នៅ​ឆ្នាំ ២០២១​កន្លងទៅ បាន​ជំរុញ​ដល់​ឧស្សាហកម្ម​នាំចេញ​ស្រូវ​ទៅកាន់​ក្រៅប្រទេស ជាពិសេស​ប្រទេស​វៀតណាម មាន​កំណើន​យ៉ាងគំហុក បើ​ទោះ​តួលេខ​ការនាំចេញ​អង្ករ​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ​ក្តី​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ទៀតថា ការនាំចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា នៅ​ឆ្នាំ ២០២១ សម្រេចបាន​ក្នុង​បរិមាណ​សរុប ៦១​ម៉ឺន​តោន បាន​ធ្លាក់ចុះ ១០,៦៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២០​។

​ជាមួយគ្នានេះ តម្លៃ​នៃ​ការនាំចេញ​អង្ករ​សរុប​បាន​ធ្លាក់ចុះ ២​ភាគរយ មក​នៅត្រឹម ៥២៧​លាន​ដុល្លារ​។ ចំណែក​ការនាំចេញ​ស្រូវ​នៅ​ឆ្នាំ ២០២១ មាន​កំណើន ៦១,១៦​ភាគរយ ពោលគឺ​កើន​ដល់ ៣,៥២​លាន​តោន ខណៈ​តម្លៃ​នាំចេញ​សរុប​ប្រមាណ ៦៣១​លាន​ដុល្លារ ធ្លាក់ចុះ ១៣,៥៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close