រថយន្ត ៥គ្រឿង បុកបន្តកន្ទុយគ្នា ធ្លាយចេញឈើ ១៥ដុំធំ រងរបួសធ្ងន់ម្នាក់ នៅស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ៖ កាលពីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចារាចរណ៍រវាងរថយន្តនិងរថយន្ត បណ្ដាលអោយរងរបួសធ្ងន់មនុស្ស១នាក់ ។
សមត្តកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានរថយន្ដ១គ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T-4393 អ្នកបើកបរឈ្មោះ ហាក់ លីហួរ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបុករថយន្ដ១គ្រឿង ម៉ាកសាំងយ៉ុង(កែច្នៃ) ពណ៌ខៀវ (ដឹកឈើចំនួន១៥ដើម) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ដែលកំពុងបើកបរស្របទិសគ្នា បណ្ដាលអោយឈ្មោះ ហាក់ លីហួរ រងរបួសធ្ងន់ និងត្រូវរថយន្តពេទ្យបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ ។
បន្ទាប់មកមានរថយន្ដ៣គ្រឿងបុកគ្នាបន្តទៀត នៅវេលាម៉ោង២២និង១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មិនបណ្តាលអោយរងគ្រោះថ្នាក់ដល់មនុស្សទេ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ដ១គ្រឿង ម៉ាកFUSO ពណ៌លឿង ពាក់ស្លាកលេខកណ្ដាល3A-1329 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខកណ្ដាល4A-0065 អ្នកបើកបរឈ្មោះ ថា សុវណ្ណ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន បើកបរពីកើតទៅលិចមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដម៉ាកFord ranger ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ2B-5615 អ្នកបើកបរឈ្មោះ មាន សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន បន្ទាប់មករថយន្ដFord ranger បានរុញទៅមុខបុករថយន្ដ១គ្រឿងទៀត ម៉ាកLexus ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AZ-8794 អ្នកបើកបរឈ្មោះ ហុំ រីមសុខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ដែលកំពុងបើកបរស្របទិសគ្នា ករណីនេះមិនរងគ្រោះថ្នាក់មនុស្សទេ និងបណ្ដាលអោយខូចខាតរថយន្ដ៣គ្រឿង ធ្ងន់១គ្រឿងFord ranger ។
ចំពោះវត្ថុតាងឈើទាំង១៥ដុំប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច។ រថយន្ត៣គ្រឿង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគងនិងរថយន្ត២គ្រឿងទៀតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំតាមនីតិវិធី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។