កូនសត្វផ្សោតមួយក្បាលទៀត បង្ហាញវត្តមាន នៅអន្លង់សត្វផ្សោតកាំពី សម្រាប់ចុងឆ្នាំ២០២១
ឆ្នាំ២០២១ បានបិទបញ្ចប់ជាមួយនឹងដំណឹង ដែលពោរពេញដោយក្តីរំភើប ជាពិសេសសម្រាប់ហ្វូងសត្វផ្សោតអ៊ីរ៉ាវាឌី និងប្រព័ន្ធទន្លេមេគង្គទាំងមូល ព្រោះកូនសត្វផ្សោតមួយក្បាលថ្មី ដែលជាកូនទី៦សម្រាប់ឆ្នាំ២០២១ ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការWWF កត់ត្រាទុកកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅថ្មីៗនេះ នៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ។
សូមជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២០ ក្រុមអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកសត្វផ្សោតកើតថ្មីសរុបចំនួន៩ក្បាល។ ជំរឿនសត្វផ្សោតទន្លេមេគង្គបានប៉ាន់ប្រមាណថាចំនួនសត្វផ្សោតសរុបមានត្រឹមតែ៨៩ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។
ស្ថានភាពនេះចាំបាច់ទាមទារនូវវិធានការរួមគ្នា ហើយខ្លាំងក្លាជាងមុនបន្ថែមទៀតដើម្បីការពារប្រភេទសត្វផ្សោតទឹកសាបដែលមានសារៈសំខាន់ជាសកលទាំងនេះ ឲ្យជៀសផុតពីការឈានទៅផុតពូជ។ មិនតែប៉ុណ្ណោះ យើងត្រូវរួមគ្នាការពារទន្លេមេគង្គ និងថែរក្សាលំហូរបែបធម្មជាតិរបស់វាឲ្យគង់វង្ស នាពេលឥឡូវនេះ មុនវាយឺតពេល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។