កំពង់ផែ​ភ្នំពេញ ព្រមព្រៀង​ឲ្យ​មានការ​វិនិយោគ ឃ្លាំង​ផ្ទុកទំនិញ​ត្រជាក់ លើ​ផ្ទៃដី​ទំហំ​ជាង ១​ម៉ឺន​ម៉ែត្រការ៉េ​

ភ្នំពេញ​៖ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ក្រុមហ៊ុន KHMER COLD CHAIN COMPANY LIMITED បាន​ចុះ​កិច្ចព្រមព្រៀង ស្តីពី «​ការជួល​ដី និង​ការគ្រប់គ្រង ប្រតិបត្តិការ​ឃ្លាំង​ត្រជាក់ នៅ​ចំណត​ផែ​កុងតឺន័រ​» ក្នុង​គោលបំណង​ផ្តល់​សេវាកម្ម​ផ្ទេរ​ផ្ទុក និង​ស្តុក​ទំនិញ​ត្រជាក់​រយៈពេល​វែង និង​រយៈពេល​ខ្លី​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២២​នេះ​ថា បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ មាន​រយៈពេល​១៤​ឆ្នាំ និង​១១​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០៣៦​។ ឃ្លាំង​ត្រជាក់​របស់​ក្រុមហ៊ុន KHMER COLD CHAIN COMPANY LIMITED «KCCC» នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ ១២៣៨០​ម៉ែត្រការ៉េ ស្ថិតនៅ​ចំណត​ផែ​កុងតឺន័រ LM១៧ របស់ ក​.​ស​.​ភ​. នៅក្នុង​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ក្រុមហ៊ុន​នឹង​ផ្តល់​សេវាកម្ម​ស្តុក​ទុក​ទំនិញ ត្រជាក់ តាម​ស្តង់ដារ​អន្តរជាតិ ទាំង​ការ​ស្តុក​ទុក​ទំនិញ រយៈពេល​វែង និង​រយៈពេល​ខ្លី​។ ក្រុមហ៊ុន ក៏មាន​សេវាកម្ម​ផ្សេងទៀត ដូចជា សេវាកម្ម​ធ្វើ​ឲ្យ​ត្រជាក់​រហ័ស សេវាកម្ម​វេច​ខ្ចប់ និង​ដាក់​ស្លាក​សញ្ញា​, សេវាកម្ម​អនាម័យ និង​ភូតគាម​អនាម័យ​, ការជ្រើសរើស​និង​ចែកចាយ​ដោយផ្ទាល់​តាម​ហាង​។​

​ការប្រតិបត្តិ​ការ​ឃ្លាំង​ផ្ទេរ​ផ្ទុកទំនិញ​ត្រជាក់​នេះ នឹង​ផ្តល់​សេវាកម្ម​ភ័ស្តុភា​រកម្ម ដែល​អាច​គ្រប់គ្រង​សី​តុ​ណ្ណ​ភាព Temperature Controlled Logistics (TCD) និង​ជួយ​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ដូចជា ជួយ​ផ្តល់ឱកាស ការងារ​ដល់​ប្រជាជន​នៅ​កម្ពុជា​
​លើសពីនោះ​ទៀត នឹង​ជំរុញ​ឲ្យ​មាន​កំណើន​កុងតឺន័រ​ត្រជាក់​បន្ថែមទៀត ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក៏ដូចជា​ជួយ​បំពេញតម្រូវការ របស់​អ្នកប្រើប្រាស់ ជាពិសេស​កសិករ​ក្នុង​តំបន់ កសិឧស្សាហកម្ម ក្រុមហ៊ុន​កែច្នៃ​ម្ហូបអាហារ​ក្រុមហ៊ុន​ឱសថ និង​អាជីវកម្ម​បដិសណ្ឋារកិច្ច រួមមាន សណ្ឋាគារ​/​ភោជនីយដ្ឋាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close