មេដឹកនាំយោធាភូមា ពន្យារពេលឈប់បាញ់គ្នារហូតដល់ចុងខែឆ្នាំ២០២២
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២២ កំឡុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសភូមា លោក មីន អោង ឡាំង មេដឹកនាំយោធាភូមា បានប្រកាសថា ខ្លួនសម្រេចពន្យារពេលបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ២០២២ ខណៈបទឈប់បាញ់គ្នាដែលបានចរចាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់នឹងផុតកំណត់នៅចុងខែកុម្ភៈ ឆ្នាំ២០២២។
ជាមួយគ្នានេះ លោក មីន អោង ឡាំង មេដឹកនាំយោធាភូមា ក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។
ក្នុងនោះដែរ លោក មីន អោង ឡាំង ក៏បានប្រកាសស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច ។
ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរ ក៏បានគាំទ្រឲ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមានប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារថ្នាក់ជាតិដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។
ភាគីទាំងពីរក៏បានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឲ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្របជាមួយនឹងការផ្តល់ជំនួយមនុស្សធម៌ឲ្យមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការរើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្រ្គោះជីវិតមនុស្សនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។