៣​ថ្ងៃ នៃ​ចុង​សប្តាហ៍​នេះ​! ភ្ញៀវទេសចរ​ជិត ៤៦​ម៉ឺន​នាក់ បានចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​

ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​ពី​ស្ថិតិ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​ចុង​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២២ ដោយ​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន​៤៥៦,៣៣៤​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៤៤៣,៣៧៨​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១២,៩៥៦​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* រាជធានី​ភ្នំពេញ ៨៥,៤៥៨​នាក់​
* ខេត្ត​ព្រះសីហនុ ៧០,៦៤៨​នាក់​
* ខេត្តសៀមរាប ៥០,៤៥៥​នាក់​
* ខេត្តពោធិ៍សាត់ ៤៤,២៩១​នាក់​
* ខេត្តបាត់ដំបង ៣៥,៩៥២​នាក់​
* ខេត្តកំពត ៣២,០៤២​នាក់​។​

​យោងតាម​តួលេខ​ខាងលើ មានការ​កើនឡើង​ប្រមាណ​១៨៥.២៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២១ ដោយ​ក្នុងនោះ​គ្រាន់តែ​ថ្ងៃ​ឈប់សម្រាក​ទិវា​ជ័យជម្នះ ៧ មករា មាន​ភ្ញៀវ​សរុប​ប្រមាណ​ជិត​១៦​ម៉ឺន​នាក់​បាន​ដើរ​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស​។​

​ចរន្ត​ភ្ញៀវ​កុះករ​នា​ចុង​សប្តាហ៍​នេះ ជាការ​បង្កើន​ក្តីសង្ឃឹម​សម្រាប់​វិស័យ​ឯកជន និង​ពលរដ្ឋ​ដែល​ប្រកបមុខរបរ​ក្នុង​វិស័យ​ទេសចរណ៍ បន្ទាប់ពី​ពេល​ឆ្លង​ឆ្នាំ​សាកល​កន្លងមក ដែលមាន​ភ្ញៀវ​សរុប​ជាង​២​លាន​នាក់ ហើយក៏​រំពឹងថា​នាឱកាស​ចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំ​២០២២​ខាងមុខ ពិតជា​មាន​
​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​ជាច្រើន​បន្ថែមទៀត​ផងដែ​រ​។​

​ជាមួយ​ចរន្ត​ភ្ញៀវទេសចរ​នា​ចុង​សប្តាហ៍​នេះ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត​បាន​ណែនាំ​បន្ថែម​ឲ្យ​មន្ទីរ​ទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល និង​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​បន្ត​ខិតខំ​ជំរុញ​អនុវត្ត​នូវ​វិធានការ​៣​កុំ​និង​៣​ការពារ និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការអនុវត្តន៍ SOP ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩​ឲ្យ​បាន​ជាប់​ជាប្រចាំ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close