គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ការសាងសង់១០០%ហើយ!
ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត តំណាងអង្គភាពសាងសង់ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីទឹកចិត្តប្រកបដោយសប្បុរសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១២ ២៩៩ តំណជាមួយនឹងប្រព័ន្ធលូមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយឥតគិតថ្លៃ ដើម្បីជាចំណងដៃដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប ដែលគិតរហូតមកទល់ពេលនេះការតភ្ជាប់នេះសម្រេចបានប្រមាណ៥០%ហើយ។
សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប រួមមានការងារស្ថាបនាកម្រាលផ្លូវដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត បានបញ្ចប់ការសាងសង១០០% តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ។
ដោយឡែកការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន២០ទីតាំង ការងារដាំដើមឈើចំនួន៣១២៥ ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន ៧២,៧៤%។
គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧គីឡូម៉ែត្រ ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦ គីឡូម៉ែត្រ ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣ គីឡូម៉ែត្រ ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។