តោះទៅស្គាល់! ទឹកធ្លាក់​អន្លង់​ស្វាយ ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង

​ទឹកធ្លាក់​អន្លង់​ស្វាយ ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ឱ​រ៉ា​ល់ ក្នុងភូមិ​សា​ស្រ​ភូមិ​ដូង​ស្លា ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ប្រមាណ ១២១ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​(​វត្តភ្នំ​)​។ ធ្វើដំណើរ​ពី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៥ រួច​កាត់​តាមផ្លូវ​វាង​សាលា​លេខ​៥ ហើយ​បន្តដំណើរ​តាមផ្លូវ​លេខ ៥៣​។ ត្រូវ​ចំណាយ​រយៈពេល​អ​ស់​ប្រមាណ ៣ ម៉ោង និង ១៥ នាទី ទើប​ទៅដល់​ទឹកធ្លាក់​ភ្នំ​អន្លង់​ស្វាយ​។​

​សហគមន៍​មូលដ្ឋាន (​មាន​លេខ​ទូរ​សព្ទ​ទាក់ទង 097 4594947) រីករាយ​នឹង​ជូន​ភ្ញៀវ​ដើរ​ព្រៃ បោះតង់​រាត្រី និង ទៅ​កន្លែង​កំសាន្ត ដូចជាៈ
១)​ទឹកឈូ​នៅ​ជាន់​ទី ៨ និង ជាន់​ទី ៩ ជា​កន្លែង​ដែល​ស្រស់ និង ស្អាត​ខ្លាំង​។​
២)​ទឹកធ្លាក់​អន្លង់​ស្វាយ នៅ​ជា​ន់ទី​៤ (​មានរឿង​ដំណាល​ថា ពីមុន​អ្នកស្រុក​ហៅថា ទឹកធ្លាក់​អន្លង់​ស្វា ព្រោះថា ពីមុន​ធ្លាប់មាន​សត្វ​ស្វា​ជាច្រើន​ក្បាល ដែល​អង្គុយ​ចាប់​ត្រី​នៅទីនេះ​)​។ មាន​និស្សិត​ជាច្រើន​បានមក​បោះតង់​រាត្រី​នៅ​ទឹកធ្លាក់​ជាន់​ទី ៤​។ ចំពោះ​អ្នក​បោះតង់ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ ក្រុមការងារ​ពេល​ចុះទៅ​ផ្តិត​យក​រូបភាព​ទឹកធ្លាក់​ក្នុង​ដើមខែ​មករា ឆ្នាំ​២០២២ នេះ បានឃើញ​សត្វ​ពស់វែកក្របី​ប៉ុនកដៃ​មនុស្ស​ចាស់​។
៣)​ទឹកធ្លាក់​ជាន់​ទី​២ អ្នកស្រុក​ហៅថា ទឹកធ្លាក់​ត្រជាក់ចិត្ត​។​
៤) ទឹកធ្លាក់​ជាន់​ទី​១ ជា​កន្លែង​ដែល​ភ្ញៀវ​ភាគច្រើន បន្ទាប់ពី​លេង​ទឹក​នៅ​ជា​ន់ទី ២ គេ​មក​សំដិល​យក​ពន្លឺ​ថ្ងៃ​នៅទីនេះ​។​

​សហគមន៍​មូលដ្ឋាន​បានរៀបចំ​កន្លែង​ធំ​ទូលាយ​សម្រាប់​ចត​ឡាន និង ម៉ូតូ ហើយ​ពួកគាត់​បំរើ​សេវាកម្ម​ម្ហូបអាហារ និង ភេសជ្ជៈ​ផ្សេងៗ​។ សហគមន៍​បាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ហើយ​កំពុង​អំពាវនាវ​រក​ដៃគូ​អភិវឌ្ឍន៍​ជួយ​កសាង​ផ្លូវ​ប្រមាណ ៦ គីឡូម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​តាម​រថយន្ត និង ម៉ូតូ​ចូលមក​ដល់​កន្លែង​ទឹកធ្លាក់ និង រក​អ្នក​ជួយ​សាងសង់​បង្គន់​អនាម័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close