រថយន្ត​ដឹកស្រូវ ផ្ទុះ​កង់​​ឈប់​ចត​លើ​ទ្រូងផ្លូវ ត្រូវ​ម៉ូតូ​បុក​ពីក្រោយ ស្លាប់​ស្ត្រី​ម្នាក់ នៅ​ស្រុក​មង្គល​បូរី

​បន្ទាយមានជ័យ ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​០១​គ្រឿង ដឹកស្រូវ​លើស​ចំណុះ​បណ្តាល​ឲ្យ​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ហើយ​ឈប់​ចត​នៅលើ​ទ្រូងផ្លូវ​គន្លង​ម៉ូតូ​មិន​ដាក់​ភ្លើង​សញ្ញា​បំភ្លឺ​ឲ្យ​គ្រប់គ្រាន់ ម៉ូតូ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​អ្នកបើកបរ​ម្នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី​យប់ ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ខាងត្បូង​ស្ពាន​ខ្ពស់ ប្រហែល​៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អែម ម៉ា​រ៉ា ភេទ​ស្រី អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បើក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ ២០០៨ គ្មាន​ស្លាក​លេខ មិន​ពាក់មួក​សុវត្ថិភាព ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។​

​មុនពេល​កើតហេតុ មាន​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ធន់​ធំ ប្រភេទ​ដឹកទំនិញ យី​ឌុប ពណ៌​ក្រហម ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-3519 (​ដឹកស្រូវ​) បានធ្វើ​ដំណើរ​លើផ្លូវ​ជាតិ​លេខ​៥​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ​ខាងលើ បាន​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ហើយ​ឈប់​ចត​លើ​ទ្រូងផ្លូវ​ដែលជា​គន្លង​ម៉ូតូ ដោយ​មិន​បានដាក់​ភ្លើង​សញ្ញា​គ្រប់គ្រាន់ ស្របពេល​នោះដែរ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​បើកបរ​ដោយ​ជនរងគ្រោះ​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិនទាន់ បាន​បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​នឹង​ទ្រុង​រថយន្ត​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។
​អ្នកបើកបរ​រថយន្ត​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ក្រោយពី​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​រត់គេចខ្លួន​បាត់ស្រមោល ។
​ចំពោះ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close