ស្ពានឆ្លងទន្លេមេគង្គ​ទៅស្វាយជ្រុំ អាចនឹង​បើក​ការដ្ឋាន​នៅឆ្នាំ២០២៣

ក្នុង​ឱកាសចុះពិនិត្យ​ការ​សាងសង់ផ្លូវ​ទាំង​៣៨ខ្សែ​នៅ​ក្នុងក្រុងសៀមរាប​កាលពីចុងសប្តាហ៍​កន្លងទៅនេះ លោក ស៊ុន សាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពានឆ្លងទន្លេមេគង្គ ទៅស្វាយជ្រុំ អាចនឹងត្រូវបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣ខាងមុខ ដោយថា ក្រសួងបានសិក្សាជិតចប់ហើយ។

បើតាមលោករដ្ឋមន្រ្តីទីតាំងតភ្ជាប់របស់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញ ទៅស្វាយជ្រុំ មាន២ជម្រើស កំពុងស្ថិតក្នុងការសិក្សា ក្នុងនោះ ជម្រើសទី១ ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វា ទៅកាន់ស្វាយជ្រុំតែម្ដង និងជម្រើសទី ២ គឺឆ្លងទន្លេសាបទៅតំបន់អូតែលសុខា តទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន២។ ជម្រើសទាំង ២នេះ ក្រសួងកំពុងសិក្សាមើលថា តើចំណាយថវិកាតិច ប៉ះពាល់តិចជាង ហើយមិនបង្កការកកស្ទះនៅរាជធានីភ្នំពេញ។

សូមរំលឹកថា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានឹងមានសមិទ្ធផលស្ពានថ្មីមួយទៀតតភ្ជាប់ភ្នំពេញនិងស្វាយជ្រុំ, ហើយថា ស្ពានថ្មីនេះ នឹងជួយឱ្យតំបន់អរិយក្សត្សប្រែក្លាយទៅជាទីក្រុងរណប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close