រាជរដ្ឋាភិបាល ដាក់ចេញ​៤​ចំណុច ជំរុញ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទប់ស្កាត់​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់ចេញ​ការណែនាំ ៤​ចំណុច​ដល់​អ្នកពាក់ព័ន្ធ ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង​។ នេះ​បើ​យោងតាម​សារាចរ​រាជរដ្ឋាភិបាល ស្តីពី​ការជំរុញ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​ការពង្រឹង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ជាពិសេស មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ដែល​បានចេញ​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២​នេះ​។​

​ក្នុង​សារាចរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ខណៈដែល​ប្រទេសជាតិ​ត្រូវ​បើក​ដំណើរការ​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ ហើយ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ស្ថិតក្នុង​សភាព​ធូរស្រាល និង​អាច​គ្រប់គ្រង​វិញ​បាន រាជរដ្ឋាភិបាល ពិនិត្យឃើញថា ប្រជាជន​មួយចំនួន​នៅតែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​មូលដ្ឋាន បាន​ពេញលេញ​នៅឡើយ និង​ចំនួន​ប្រជាជន​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ នៅមាន​ចំនួន​តិចតួច​នៅឡើយ បើ​ធៀប​ទៅនឹង​ចំនួន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​រួចហើយ​។ ទន្ទឹមនេះ ប្រជាជន​មួយចំនួន​ហាក់​បាន និង​កំពុងមាន​ការធ្វេសប្រហែស​ក្នុងការ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជាពិសេស វិធានការ ៣​កុំ​៣​ការពារ ដែល​អាចជា​កត្តា​ប្រឈម​នឹង​ការផ្ទុះ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ជាថ្មី​ម្តងទៀត​។ ទន្ទឹមនេះ ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ចាប់ផ្តើម​រកឃើញ​ជា​បន្តបន្ទាប់​នូវ​វត្តមាន​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ក្នុង​សហគមន៍​ផងដែរ​។​

​ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ក្នុង​សហគមន៍ សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើការ​ណែនាំ​ដល់ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​គណៈ​អភិបាល​រាជធានី​-​ខេត្ត និង​យន្តការ​ដែលមាន​ការពា​ក់​ព័ន្ធ​ផ្សេងទៀត ព្រមទាំង​ប្រជាជន​ទូទៅ​ចំនួន ៤​ចំណុច រួមមាន​៖

​ទី​១ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ដោយ​សហការ​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវ​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​យន្តការ​ដែលមាន​ការពា​ក់​ព័ន្ធ ត្រូវ​ជំរុញ និង​បង្កើនល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន ទាំង​ដូ​ស​ជំរុញ ដែលជា​ខ្សែក្រវាត់​ការពារ​ទី​១ និង​ជា​យុទ្ធសាស្ត្រ​គន្លឹះ​របស់​រាជរដ្ឋាភិបាល ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាជន​នៅក្នុង​ភូមិសាស្ត្រ​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន ឱ្យសម្រេចបាន​ឆាប់រហ័ស ដើម្បី​ធានា​ឱ្យបាន​នូវ​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​សំដៅ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​បណ្តាលមកពី​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង​»​។​

​ទី​២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ត្រូវ​បន្ត​ពង្រឹង​យន្តការ​តាមដាន និង​ត្រួតពិនិត្យ​របស់ខ្លួន​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រចាំថ្ងៃ ទាំង​សម្រាប់​ក្របខណ្ឌ​រាជធានី​-​ខេត្ត​នីមួយៗ​ដាច់ដោយឡែក​ពីគ្នា ទាំង​សម្រាប់​ក្របខណ្ឌ​ទូទាំងប្រទេស ព្រមទាំង​ត្រូវ​ពង្រឹង​យន្តការ​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា ទាក់ទង​នឹង​ការអនុវត្ត​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាជន​ជាក់ស្តែង​នៅតាម​មូលដ្ឋាន ជាពិសេស ការសម្របសម្រួល​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ឱ្យ​ត្រូវ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន​នីមួយៗ និង​ការធានា​ផ្គត់ផ្គង់​ឱ្យបាន​ទាន់ពេលវេលា និង​មិនត្រូវ​ខ្វះ​វ៉ាក់សាំង​ជូន​ដល់​បណ្តា​រាជធានី​-​ខេត្ត​។​

​ទី​៣ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវ​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស អនុគណៈកម្មការ​អប់រំ បណ្ដុះបណ្ដាល និង​ទំនាក់ទំនង​សាធារណៈ និង​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​សហការគ្នា​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​អប់រំ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​អំពី​ភាពចាំបាច់​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ ដើម្បីឱ្យ​ប្រជាជន​មក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ទី​៤ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការចាត់​វិការ​ចាំបាច់​នានា ក្នុងភូមិ​សាស្ត្រ​ស្ថិតក្រោម​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ពង្រឹង និង​ជំរុញ​ការអនុវត្ត​វិធានការ ៣​កុំ ៣​ការពារ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close