អឺរ៉ុប អាមរិក អនុញ្ញាតឲ្យបុគ្គលិកវិជ្ជមានកូវីដ ១៩ ទៅធ្វើការធម្មតា
ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាកង្វះបុគ្គលិកសុខាភិបាល ក្នុងពេលកូវីដ១៩ បំប្លែងថ្មីអូមីក្រុងឆ្លងរាលដាលខ្ពស់ តំបន់អឺរ៉ុបនិងអាមេរិក បានអនុញ្ញាតឲ្យបុគ្គលិកវិជ្ជមានកូវីដ១៩ កម្រិតស្រាលទៅធ្វើការធម្មតា។
បណ្តាមន្ទីរពេទ្យនៅអាមេរិក បានអនុញ្ញាតឲ្យបុគ្គលិកដែលឆ្លងកូវីដ១៩ មានអការៈស្រាលទៅធ្វើការធម្មតា ដើម្បីទប់ទល់នឹងការឆ្លងរាលដាលកូវីដ ១៩ បំប្លែងថ្មីអូមីក្រុងកាន់តែកើនឡើងខ្ពស់នៅអាមេរិក។
កាលពីចុងសប្តាហ៍កន្លងមក មន្ទីរសុខាភិបាល សាធារណៈរដ្ឋ កាលីហ្វ័រនីញ៉ា បានប្រកាសថា បុគ្គលិកដែលវិជ្ជមានកូវិដ១៩ មិនមានអការៈ គឺអាចបន្តធ្វើការងារបានជាធម្មតា ។ មន្ទីរសុខាភិបាលបានលើកឡើងថា គោលនយោបាយថ្មី គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បំប្លែងថ្មីអូមីក្រុងជាទ្រង់ទ្រាយធំ ។ ប៉ុន្តែដើម្បីសុវត្ថិភាព បុគ្គលិកដេលវិជ្ជមានកូវីដ ១៩ គឺត្រូវតែពាក់ម៉ាស់ N95 ហើយមើលថែអ្នកអ្នកជំងឺកូវីដ១៩ ផ្សេងទៀតតែប៉ុណ្ណោះ។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៦៧៣,៨៣៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០០២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦២,៦៦១,២៧២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦១,៣៣៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤២.៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិក បានប្រកាសថា អត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារតែជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់បំផុតដល់ ១៣២,៦៤៦នាក់ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលជាការបំបែកកំណត់ត្រាចាស់ កាលពីខែមករា ឆ្នាំ២០២១ ដែលមានចំនួន ១៣២,០៥១នាក់។ អំលុងពេល ៣សប្តាហ៍ចុងក្រោយនេះ គេបានមើលឃើញអត្រាកំណើននៃអ្នកឆ្លងគុណនឹង ៣ ទៅហើយ ដោយសារតែឥទ្ធិពលនៃមេរោគបំប្លែងថ្មី Omicron។
គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥១៩លានដូស ក្នុងនោះប្រជាជន ២៤៦.៨១លាននាក់ (៧៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៦.០៤លាននាក់ (៦២.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៥.២៣លាននាក់ (២២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។