គម្រោង​ស្ពានអាកាសស៊ិនជូរីប្លាហ្សា គ្រោង​នឹង​ចាប់​ផ្តើម​ស្ថាបនា​នៅខែមីនា

គម្រោង​ស្ពាន​អាកាស​ផ្សារ​ស៊ិនជូរីប្លាហ្សា ដែលស្ថិត​នៅ​ចំណុច​ប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និង​ផ្លូវ​២០០៤ គ្រោង​នឹង​ចាប់​ផ្តើម​ស្ថាបនា​នៅ​ខែមីនា ឆ្នាំ​២០២២ខាងមុខនេះហើយ ដើម្បី​ឲ្យ​រួចរាល់​នៅមុន​ពេល​ដែល​កម្ពុជា​នឹងត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះស៊ីហ្គេម​ឆ្នាំ​២០២៣។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យ​ដឹងថា ការ​ស្ថាបនា​ស្ពានអាកាសផ្លូវ២០០៤ផ្សារស៊ិនជូរីប្លាហ្សានេះ នឹងប្រើប្រាស់រយៈពេល ជាង១៤ខែ ហើយចាប់ពីពេលនេះ រហូតដល់ខែមីនា ក្រុមជំនាញ នឹងធ្វើការសិក្សាពីផ្លូវវាង នឹងធ្វើការសិក្សាពីផលប៉ះពាល់មួយចំនួន។

គម្រោងស្ពានអាកាសផ្លូវ២០០៤នេះ មានប្រវែង ៥១៦.២ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥.៨ ម៉ែត្រ កំពស់តួស្ពាន ត្រង់ចំណុចកណ្ដាល ៥.០-៥.៥ម៉ែត្រ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន​លើកឡើងថា ស្ពានអាកាសថ្មីនេះ នឹង​ត្រូវស្ថាបនាទាំងថ្ងៃទាំងយប់ ដើម្បីឲ្យរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក មានន័យថា ធ្វើឲ្យ​បានរួចរាល់នៅ មុនដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣។

ការសង់ស្ពានអាកាសថ្មី​នេះ គឺក្រោយពេល​ដែល​រដ្ឋបាលរាជធានីភ្នំពេញបានមើលឃើញថា នៅពេល​ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅដាក់ឲ្យដំណើរការ លំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នឹងមកកកស្ទះចរាចរនៅផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវលេខ២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចស្តុបផ្សារស៉ិនជូរីផ្លាហ្សានេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close