ស្ពាន​អាកាស​នៅ​ស្តុ​ប​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា នឹង​ចាប់ផ្តើម​សាងសង់ ចាប់ពី​ខែមីនា ខាងមុខ​

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​រដ្ឋលេខាធិការ នៃ​រដ្ឋលេខា​ធិ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល តំណាង​ក្រុមហ៊ុន OCIC និង​មន្ត្រី​ជំនាញ​មួយចំនួនទៀត កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ ក្នុង​កិច្ចប្រជុំ​មួយ បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ស្ពាន​អាកាស​ផ្លូវ​២០០៤ ស្ថិតនៅ​ផ្លូវ​ប្រសព្វ​រវាង មហាវិថី​សហព័ន្ធរុស្ស៊ី និង​វិថី​សម្តេចចៅហ្វា​វាំង គង់ សំ អុល (​ផ្លូវ​២០០៤) គ្រោង​នឹង​ស្ថាបនា ចាប់ពី​ខែមីនា ឆ្នាំ​២០២២​។ ស្ពាន​នេះ គ្រោង​ប្រើប្រាស់​រយៈ​ជាង ១៤​ខែ ពោលគឺ នឹង​ស្ថាបនា​ឱ្យបាន​រួចរាល់​នៅមុន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបង្ហាញ​ពី​គម្រោង​នៃ​ការសាងសង់​ស្ពាន​អាកាស​នេះ​ថា គម្រោង​ស្ពាន​អាកាស​ផ្លូវ​២០០៤ នឹង​ចាប់ផ្ដើម​នៅ​ខែមីនា ឆ្នាំ​២០២២ ដោយ​ប្រើប្រាស់​រយៈពេល ជាង​១៤​ខែ ហើយ​ក្នុង​រយៈពេល​នេះ រហូតដល់​ខែមីនា ក្រុម​ជំនាញ នឹងធ្វើ​ការសិក្សា​ពី​ផ្លូវ​វាង នឹងធ្វើ​ការសិក្សា​ពី​ផលប៉ះពាល់​មួយចំនួន​។ ស្ពាន​នេះ​នឹងធ្វើ​ឡើង ស្រប​ពីលើ​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី គ្របពីលើ​ផ្លូវ​២០០៤ ប្រសព្វ​ជាមួយនឹង​ផ្លូវ​២០១១​។ គម្រោង​ស្ពាន​អាកាស​ផ្លូវ​២០០៤ មាន​ប្រវែង ៥១៦.២​ម៉ែត្រ ប្រវែង​បណ្តោយ​តួ​ស្ពាន ២៣៣,៩​ម៉ែត្រ ប្រវែង​ទទឹង​តួ​ស្ពាន ១៥.៨ ម៉ែត្រ កម្ពស់​តួ​ស្ពាន ត្រង់ចំណុច​កណ្ដាល ៥.០-៥.៥​ម៉ែត្រ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើងថា ស្ពាន​អាកាស​ថ្មី​នេះ នឹងធ្វើ​ការងារ​ទាំងថ្ងៃទាំងយប់ ដើម្បីឱ្យ​រួចរាល់​ទៅតាម​គម្រោង​ដែល​បានគ្រោង​ទុក មានន័យថា ធ្វើឱ្យបាន​រួចរាល់​នៅមុន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៉ី​ហ្គេម​ឆ្នាំ​២០២៣​។ ទោះជា​យ៉ាងណាក្តី ការបង្កើត​នូវ​គម្រោង​ទី​១ នៃ​ការកសាង​ស្ពាន​អាកាស​នៅ​ចំណុច​ខាងលើនេះ លោក ឃួ​ង ស្រេង នៅតែ​ជំរុញ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ធ្វើការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន OCIC សិក្សា​ពី​ការសាងសង់​ផ្លូវ​ក្រោម​ដី នៅ​ចំណុច​ស្ពាន​នេះ​បន្ថែមទៀត ឲ្យ​បាន​លឿន​ផងដែរ តើ​មាន​ផលប៉ះពាល់​ទំហំ​ប៉ុណ្ណា ហើយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប៉ុន្មាន នៃ​ផលប៉ះពាល់​នេះ ដើម្បី​អាច​ដោះស្រាយ​ការស្ទះ​ចរាចរណ៍​នៅ​តំបន់​នេះ​បានយូរ​អង្វែង​។​

​ក្រៅពីនេះ ឯកឧត្តម ឃួ​ង ស្រេង បាន​អះអាង​ដែរ​ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៃ​រង្វង់​មូល​ចោមចៅ ក្រោយពី​មានការ​ដាក់​ឲ្យ​ដំណើរការ​នោះ លំហូរ​ចរាចរណ៍​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី នឹង​មក​កកស្ទះ​ចរាចរ​នៅ​ផ្លូវ​លេខ​២០០៤ ក៏ដូចជា​ផ្លូវ​លេខ​២០១១ កាន់តែខ្លាំង ដោយហេតុនេះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត នៅ​ចំណុច​ស្តុ​ប​ផ្សារ​ស៉ិ​ន​ជូ​រី​ផ្លា​ហ្សា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close