វេទិកា​ទេសចរណ៍​អាស៊ាន ជា​ឱកាស​ផ្សព្វផ្សាយ «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​» និង​ប្រកាស​បើក​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ

​ខេត្ត​ព្រះសីហនុ​៖ វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុងការ​ប្រកាស​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ​ជា​ផ្លូវការ បន្ទាប់ពី​រង​ការរំខាន​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​អស់​ពេល​ជាង​២​ឆ្នាំ​មកនេះ ខណៈ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​មួយ​ក្នុង​តំបន់​អាស៊ាន​។​

​គួរ​ជម្រាប​ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ (ATF 2022) ដែល​នឹងត្រូវ​រៀបចំ​ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា ឆ្នាំ​២០២២ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ពិធី​បើក​ជា​ផ្លូវការ​នៃ​វេទិកា​ទេសចរណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២​។​

​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ នឹង​ឈាន​មកដល់​ហើយ ខណៈ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ក៏បាន​ត្រៀម​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ស្ទើរតែ​រួចរាល់​១០០%​ហើយ ទោះបី​មានការ​រំខាន​ពី​បញ្ហា​កូ​វីដ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» នៅក្នុង​សហគមន៍​ខ្លះៗ​យ៉ាងណាក៏ដោយ​។

ជាក់ស្ដែង កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ដែល​នៅ​សេសសល់​ចុងក្រោយ​សម្រាប់​រៀបចំ ATF 2022 នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​នៃ​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ កម្លាំង​សមត្ថកិច្ច និង​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​ក្រុមការងារ​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ជូន​អង្គប្រជុំ​ថា «​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុងការ​ប្រកាស​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ​ជា​ផ្លូវការ​»​។ ឯកឧត្ដម បានបង្ហាញ​សុទិដ្ឋិនិយម​ថា ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី «​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​មួយ​ក្នុង​តំបន់​អាស៊ាន​»​។​

​គួរ​ជម្រាប​ថា ការងារ​រៀ​បំ​ព្រឹ​តិ្ត​ការណ៍​ទាំងមូល​សម្រេចបាន​ប្រមាណ​៩៥%​ហើយ ដោយ​ការរៀបចំ​ទីតាំង​សម្រាប់​ពិព័រណ៍​ទេសចរណ៍ (​ស្តង់​) កម្មវិធី​បើក កម្មវិធី​បិទ និង​កម្មវិធី​ពាក់ព័ន្ធ​ផ្សេងៗ ត្រូវ​បានរៀបចំ​រួចរាល់​ស្របតាម​វិធាន​សុវត្ថិភាព​។ លើសពីនេះ​ទៀត រហូតមកដល់​ពេលនេះ​មានការ​បញ្ជាក់​ពី​ការចូលរួម​ដោយផ្ទាល់​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​មន្ត្រីជាន់ខ្ពស់​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ក្នុងនោះ​ប្រតិភូ​អន្តរជាតិ​ចូលរួម​កិច្ចប្រជុំ​មាន​ចំនួន​១២៣​រូប ហើយ​សម្រាប់​ការតាំង​ពិ​ព័រ​ណ៌​ទេសចរណ៍ (TRAVEX) មាន​អ្នកលក់ (Sellers) សរុប​ចំនួន​១៨៧​ស្តង់ អ្នកទិញ (Buyers) ចំនួន​៤០​ក្រុមហ៊ុន សារព័ត៌មាន​សរុប​ចំនួន​២០​ស្ថាប័ន សរុប​ភ្ញៀវ​ចូល​រួមមាន​ចំនួន​៣២២​នាក់ មកពី​ប្រទេស​ចំនួន​២៧​។​

​ឣំ​ឡុង​ពេល​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ ក្រៅពី​កិច្ចប្រជុំ​របស់​ស្ថាប័ន​ទេសចរណ៍​ថ្នាក់ជាតិ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន កិច្ចប្រជុំ​អាស៊ាន​បូក​បី (​ជប៉ុន កូរ៉េខាងត្បូង និង​ចិន​) កិច្ចប្រជុំ​អាស៊ាន​បូក​មួយ (​អាស៊ាន​-​ឥណ្ឌា​) កិច្ចប្រជុំ​អាស៊ាន​-​រុ​ស្ស៉ី កិច្ចប្រជុំ​ជាមួយ​អង្គការ​ដៃគូរ​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ជាមួយ​ផ្នែក​ឯកជន និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ក៏​នឹងមាន​កម្មវិធី​ដាំ​ដើមឈើ កម្មវិធី​វាយកូនគោល​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​នានា​ផងដែរ ដែលជា​ការបោះ​ជំហាន​ដ៏​ធំ​បង្ហាញ​ពី​ការត្រៀម​រួចរាល់​របស់​កម្ពុជា និង​អាស៊ាន​ទាំងមូល​ក្នុង​ការបើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close