គឹម ជុងអ៊ុន ត្រូតពនិត្យដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីល មានល្បឿនលឿនជាងសំឡេង១០ដង
កូរ៉េខាងជើងបានប្រកាសថា ប្រទេសនេះបានសាកល្បងមីស៊ីលល្បឿនលឿនដោយជោគជ័យ ក្រោមការតាមដានរបស់ប្រមុខដឹកនាំ គីម ជុងអ៊ុន។ កម្លាំងទាហានកូរ៉េខាងត្បូង បានវាយតម្លៃថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង មានល្បឿនលឿនជាងសំឡេងដល់ទៅ ១០ ដង( Mach 10)។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ករណីបាញ់សាកល្បងមីស៊ីល គឺដើម្បីត្រួតពនិត្យពីលក្ខណៈទូទៅនៃប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេងដែលប្រទេសនេះបានអភិវឌ្ឍន៍។ មីស៊ីលខាងលើអាចវាយប្រហារគោលដៅនោចម្ងាយ ១០០០គីឡូម៉ែត្រ ។ នេះជាករណីសាកល្បងមីស៊ីលល្បឿនលឿនលើកទី៣ របស់កូរ៉េខាងជើងដែលបានប្រកាសជាសាធារណៈ ហើយមេដឹកនាំគីម ជុងអ៊ុនបានត្រួពិនិត្យការបាញ់សាកល្បងដោយផ្ទាល់។
ពាក់ព័ន្ធការបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង ជើងហោះហើរមួយចំនួននៅតាមព្រលានយន្តហោះ ស្ថិតនៅបណ្តារដ្ឋភាគខាងលិចសហរដ្ឋអាមេរិក ត្រូវបានបង្គាប់ឲ្យផ្អាកជាបណ្តោះអាសន្ន ក្រោយពីប្រទេសកូរ៉េខាងជើងបានធ្វើតេស្ត គ្រាប់មីស៊ីលដែលអាចហោះលឿនជាងល្បឿនសំឡេង១០ដង ប្រភេទ (hypersonic missile) កាលពីថ្ងៃទី១១ខែមកមរា។
រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ជាការបង្កើនភាពប្រុងប្រយ័ត្ន សម្រាប់ជំហានដំបូង, FAA បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន នូវការហោះហើរចេញពីអាកាសយានដ្ឋានមួយចំនួន ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងលិចសហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងនៅវ៉ាស៊ីនតោន)»។
នេះគឺជាសកម្មភាពកម្របំផុតមួយ ដែលសហរដ្ឋអាមេរិក ជាប្រទេសស្ថិតនៅត្រើយម្ចាងនៃមហាសមុទ្រប៉ាស៊ីហ្វិក បានដាក់ចេញ ដើម្បីឆ្លើយតបនឹងសកម្មភាពកូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ការធ្វើប្រតិបត្តិការហោះហើរឡើងវិញ បានកើតមានឡើងតែ ១៥នាទីប៉ុណ្ណោះក្រោយការផ្អាក។ ប្រការនេះត្រូវបានគេមើលឃើញថា អាចជាការធ្វើតេស្តសាកល្បងរបស់ FAA ក្នុងការត្រៀមខ្លួនចាត់វិធានការបន្ទាន់ នៅពេលមានហេតុការណ៍បែបនេះទៀត នៅថ្ងៃមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។