ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១ ត្រូវបាន​ប្រកាស​បើក​ការប្រកួត

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២ ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១ ត្រូវបាន​ប្រកាស​បើក​ការប្រកួត​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​មានការ​អញ្ជើញ​ចូល​រួ​ពី ឯកឧត្តម ពៅ ពិ​សិទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម អាជ្ញា​ធម៌​ខេត្តសៀមរាប ក្រុម​ម៉ូតូ​BMW និង​កីឡាករ​-​កីឡាការិនី ជាតិ​ជាច្រើនរូប​ផងដែរ​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រតិភូ​ដឹកនាំ​ក្រុមកីឡា ទោចក្រយាន​ទាំងអស់ និង​បណ្តា​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ​នានា ក្នុង​កិ​ច្ទ​សហការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទោចក្រយាន​នេះ​ប្រកបដោយ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​គុណភាព ជាពិសេស​អាជ្ញាធរខេត្ត​សៀមរាប ដែល​បាន​សហការគ្នា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ព្រឹត្តិការណ៍​ប្រកួត​ខាងលើ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ខ្ពស់ ដែល​ញុំ​ា​ង​ឱ្យ​កម្មវិធី​នេះ ទទួលបាន​កីឡាករ​-​កីឡាការិនី ចូលរួមបាន​យ៉ាងច្រើន​កុះករ​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​ស្នើ​ដល់​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ត្រូវខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ជូន​ដល់​កីឡាករ​-​កីឡាការិនី ប្រកបដោយ​ភាព​យុ​តិ្ត​ធម៌ មិន​លម្អៀង និង​គោរព​បាន​តាម​បទបញ្ជា​បច្ចេកទេស នៃ​ការប្រកួត​ធ្វើឱ្យ​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា​។

​ជាពិសេស​បាន​ណែនាំ​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រូវ​ឈរលើ​ស្មារតី​កីឡា ដើម្បី សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង​បង្កើន​គុណ​ផល​បច្ចេកទេស និង​ត្រូវមាន​ការយោគយល់​គ្នា គោរព​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មិន​គិតតែ​ពី​ការយក​ឈ្នះ​-​ចាញ់​ឡើយ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បន្តថា សល់​តែ​ជាង ៤០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​នាពេលខាងមុខ​នេះ នឹង​ដល់ពេល​ប្រទេស​កម្ពុជា ហើយ​យើង​ធ្វើជា​ម្ចាស់ផ្ទះ និង​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ​ម្តង​ហើយ​។ កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នាពេលខាងមុខ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ចំនួន​ពីរ​៖ ទី​១- ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ឱ្យបាន​ល្អ ទោះ​មិន​បានឈ្នះ​មេដាយ ឬ​ឈ្នះ​មេដាយ​តិចក្តី​។ ទី​២- ការ​ឈ្នះ​មេដាយ គឺ​ត្រឹមត្រូវ​យុត្តិធម៌ មិនត្រូវ​ចង់​ឈ្នះ​មេដាយ ដោយ​រំលោភបំពាន​ច្បាប់ ឬ​លក្ខ​និ្ត​កៈ​នៃ​ការប្រកួត​ឡើយ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​សង្កត់ធ្ងន់ថា បើ​យើង​មិនអាច​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា​ទេ យើង​ក៏​មិនអាច​ប្រារព្វ​ពិធី​បើក​ការប្រកួត​នេះ​បានដែរ ហើយ​នេះ​សុទ្ធតែជា​លទ្ធផល​នៃ​ការដឹកនាំ​ដ៏​ឈ្លៀសវៃ ប្រកបដោយ​គតិបណ្ឌិត និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស សម្រេចបាន​លឿន​ជាង​ផែនការ ដែល​បានធ្វើឱ្យ​កម្ពុជា​អាច​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ឈានដល់​ការបើក​ប្រទេស​ឡើងវិញ ព្រម​ជាមួយនឹង​ការធ្វើសកម្មភាព​សង្គម និង​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ដូច​ពេលបច្ចុប្បន្ន​នេះ​។​

​សូម​ជម្រាបជូន​ថា ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ឆ្ពោះទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សហការ​ជាមួយ​សាលាខេត្ត​សៀមរាប រៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ ដើម្បី​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ សម្រាប់​ហ្វឹកហាត់​បំប៉ន​សមត្ថភាព ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​ការត្រៀម​លក្ខណៈ​ចូលរួម​ការប្រកួត​អន្តរជាតិ​នានា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close