ក្រសួងអប់រំផ្លាស់ប្តូរថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុបមុនកាលកំណត់

នៅព្រលប់ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២២ ក្រសួងអប់រំ យុវជន និង​កីឡា បានសម្រេច​ផ្លាស់ប្តូរ​ថ្ងៃប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប ដែល​កាលពីមុនគ្រោង​នឹង​ធ្វើ​ឡើង​នៅថ្ងៃទី១៨ ខែមករា មក​ប្រកាស​នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះវិញ​សម្រាប់​រាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល ហើយ​សម្រាប់​ខេត្ត​ផ្សេងៗ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២២វិញ។

ការសម្រេចផ្លាស់ប្តូរថ្ងៃប្រកាសលទ្ធផល​ប្រឡងបាក់ឌុប​មុនកាលកំណត់នេះ ក្រសួងអប់រំបានបញ្ជាក់ថា គឺ​ដោយ​សារតែដំណើរការ​កំណែ និង​ដំណើរ​ការ​ស្រង់​ បុកពិន្ទុ និង​ផ្ទៀងផ្ទាត់ពិន្ទុ​តាមកុំព្យូទ័រ​បានប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​តម្លាភាពប្រកប​ដោយ​ស្មារតី​យកចិត្ត​ទុកដាក់ និងទទួល​ខុសត្រូវ​ខ្ពស់ពីសំណាក់​ប្រធាន អនុប្រធាន និង​សមាជិក​អនុគណៈកម្មការទាំងអស់។

គួរ​បញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ ឬបាក់ឌុប បានប្រប្រឹត្ត​ទៅ​កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅថ្មីៗនេះ ក្រោយពីមានការ​ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បន្ទាប់ពីអាក់ខានរៀបចំការ​ប្រឡង​កាលពីឆ្នាំ​២០២០ ដោយសារវិបត្តិជំងឺកូវីដ១៩។ ការ​ប្រឡង​បាក់ឌុបនៅ​ឆ្នាំ​២០២១ មានបេក្ខជនដាក់ពាក្យ​ប្រឡង​សរុបចំនួនជាង១១ម៉ឺននាក់ ក្នុងនោះ​អវត្តមានបេក្ខជនមិនបានចូលរួមប្រឡងប្រមាណ៣ពាន់នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close