ប្រធានាធិបតី​អាមេរិក​ចេញ​បញ្ជា​ឲ្យ​ដាក់​ទាហាន​ពេទ្យ​ជួយ​បណ្តា​រដ្ឋ​ដែលមាន​អ្នកជំងឺ​កូ​វីដ​១៩ កើនឡើង​ខ្ពស់​

​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​បៃ​ឌិន បានសម្រេច​ដាក់​បន្ថែម​កម្លាំង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ កើនឡើង​ខ្ពស់​។ នៅតាម​បណ្តា​រដ្ឋ​មាន​អ្នកជំងឺ​ច្រើន នឹងមាន​កម្លាំង​ពេទ្យ​យោធា​ទៅ​ជួយ​អន្តរ​គម​ន៍​។ នៅពេលនេះ​មាន​ពេទ្យ​យោធា​ទៅ​ជួយ​ដល់​រដ្ឋ​ចំនួន ៦ មាន​អ្នកជំងឺ​ចូល​ពេទ្យ​ច្រើន​។​

​តាម​សារព័ត៌មាន USA today បាន​ផ្សាយ​ថា រដ្ឋ​ទាំង​៦​ដែល​បាន​បន្ថែម​កម្លាំង​ពេទ្យ​យោធា មាន New York, New Jersey, Ohio, Rhode Island, Michigan, និង New Mexico​។​

​ពាក់ព័ន្ធ​ការឆ្លង​កូ​វីដ ១៩ នៅ​អាមេរិក នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប​រហូតដល់​ទៅ ៨១៤,៤៩៤​នាក់​ទៀត បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ២,២៦៩​នាក់ បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៦៤,៣៤៤,៦៩៤​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៨៦៦,៨៨២​នាក់ និង​ជាសះស្បើយ​ឡើង​សរុប​ជាង ៤២.៨​លាន​នាក់​។ សម្រាប់​ចំនួន​ប្រជាជន​សរុប ដែល​កំពុង​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​គឺជា​ង ៣៣២​លាន​នាក់​។​

​អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺ​នៃ​សហរដ្ឋអាមេរិក លោក​វេជ្ជបណ្ឌិត អាន់​ថូ​នី ហ្វា​វ​ស៊ី (Anthony Fauci) បាន​លើកឡើងថា បើទោះបីជា​ប្រទេស​លោក បាននិងកំពុង​មើលឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 កើនឡើង​យ៉ាងគំហុក ដោយសារ​វីរុស Omicron ក្តី ក៏​សហរដ្ឋអាមេរិក​នៅតែ​ជិត​ឈានទៅរក កម្រិត​នៃ​ការរៀន​រស់នៅ​ជាមួយនឹង​ជំងឺ​នេះ និង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២ សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប​ចំនួន​ជាង ៥២១​លាន​ដូ​ស ក្នុងនោះ​ប្រជាជន ២៤៧.៣២​លាន​នាក់ (៧៥.១% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​យ៉ាងហោចណាស់ ១​ដូ​ស​, ២០៦.៣៤​លាន​នាក់ (៦២.៦% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស និង ៧៦.២៦​លាន​នាក់ (២៣.១% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​ដូ​ស​ជំរុញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close