ចាប់ខ្លួន​ប្រុស​ស្រី ២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ជិត ៤៥០​គ្រាប់ និង​ក្រាម​ពណ៌​ស ៦​កញ្ចប់ ដែល​ផ្ញើឱ្យ​ស្ត្រី​ម្នាក់ នៅ​ខេត្តបាត់ដំបង តាមរយៈ​ក្រុមហ៊ុន​ដឹកជញ្ជូន​វិ​រៈ​ប៊ុន​ថាំ

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៣ មករា ម្សិលមិញ សមត្ថកិច្ច​ជំនាញ បង្ហាញមុខ ករណី​ចាប់ខ្លួន​បុរស​ម្នាក់ ដែលជា​ម្ចាស់​គ្រឿងញៀន ដែល​បាន​ផ្ញើឱ្យ​ស្ត្រី​ម្នាក់ នៅ​ខេត្តបាត់ដំបង តាមរយៈ​ក្រុមហ៊ុន​ដឹកជញ្ជូន វិ​រៈ​ប៊ុន​ថាំ​។​

​បើតាម​សមត្ថកិច្ច​បានឱ្យដឹងថា កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ រ៉ឹ​ម មិច នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន (​ផ្ញើរ​តាម​ក្រុមហ៊ុន​ដឹកជញ្ជូន​វិ​រៈ​ប៊ុន​ថាំ​)​។ បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បន្ដ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ទៀត និង​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ​រក​ឃើញ គ្រាប់​អាវុធ​វែង​ចំនួន​០៧​គ្រាប់​។​

​បើតាម​សមត្ថកិច្ច ជនសង្ស័យ​ឃាត់ខ្លួន រួមមាន ១- ឈ្មោះ ជា សុវណ្ណ​បញ្ច​កា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ​តាម​អន​ឡាញ (​ជា​អ្នក​មក​ទទួល​គ្រឿងញៀន ផ្ញើរ​ពី​ភ្នំពេញ​ទៅ​ខេត្ដ​បាត់ដំបង​) និង ២- ឈ្មោះ ម៉ម សា​វី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ (​ជា​ម្ចាស់​គ្រឿងញៀន ដែល​ផ្ញើរ​ពី​ភ្នំពេញ​ទៅ​ខេត្ដ​បាត់ដំបង និង​ក្រុង​ប៉ោយប៉ែត​)​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច រឹបអូស​បាន​វត្ថុតាង រួមមាន ក្រាម​ពណ៌​ស ចំនួន​០៤​កញ្ចប់​ធំ​ល្មម​, ម្សៅ​ម៉ត់​ពណ៌​ស ចំនួន​០២​កញ្ចប់​តូច​, ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​២៥០​គ្រាប់​, ថ្នាំ​គ្រាប់​ពណ៌​បៃតង ចំនួន​២០០​គ្រាប់​, ទូរស័ព្ទ​ចំនួន​០២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close