ធនាគារពិភពលោក អះអាងថា កំណើនសេដ្ឋកិច្ចវៀតណាម ឆ្នាំ២០២២ នឹងមាន៥.៥% ទោះបីផ្ទុះកូវីដក៏ដោយ!
ធនាគារពិភពលោកឬ World Bank បានចេញផ្សាយរបាយការណ៍ពីការព្យាករណ៍កំណើន GDP ឬ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម នឹងមានកំណើន៥.៥ភាគរយ នៅឆ្នាំ២០២២នេះ ក្នុងលក្ខខណ្ឌដែលជំងឺរាតត្បាតអាចគ្រប់គ្រងបាននោះ។ ជាការព្យាករណ៍ ខណៈដែលវៀតណាមនៅតែបន្តមានការឆ្លងកូវីដ១៩ ខ្លាំងក្លាដដែល ដោយក្នុងនោះ ឆ្លងប្រចាំថ្ងៃ ខ្ទង់ជាង១ម៉ឺននាក់ ស្លាប់មិនក្រោម១០០នាក់។
យ៉ាងណាក៏ដោយ ការព្យាករណ៍នេះតិចជាងការព្យាករណ៍របស់រដ្ឋាភិបាលវៀតណាម ដែលថា នឹងមាន៦.៥ ឬ ៦.៧ភាគរយ ខណៈដែលធនាគារអង់គ្លេស HSBC ថា ៦.៥ភាគរយ ស្របពេលដែលថា Standard Chartered នឹងមាន៦.៧ភាគរយ។
ធនាគារពិភពលោកថា ផ្នែកសេវាកម្មរបស់វៀតណាមត្រូវបានគិតថា នឹងស្រោចស្រង់ឡើងវិញ ជាមួយនឹងទំនុកចិត្តអ្នកវិនិយោគិន និងអ្នកប្រើប្រាស់ ហើយឧស្សាហកម្មនានានឹងផ្តល់អត្ថប្រយោជន៍ច្រើន ដោយសារតែស្ថិរភាពមានលំនឹងនៃតម្រូវការ ពីអាមេរិក អឺរ៉ុប និងចិន។ រីឯ ផ្នែកកសិកម្មវិញ ត្រូវបានរំពឹងថា នឹងមានកំណើន ដូចគ្នា ទៅនឹងឆ្នាំ២០២០ និង ២០២១ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។