WHO ឱ្យប្រើ​ថ្នាំ​របស់​ក្រុមហ៊ុន Eli Lilly និង GSK-Vir សម្រាប់​អ្នកជំងឺ​កូ​វីដ​-១៩

​ហ្សឺ​ណែវ​៖ គណៈកម្មការ​មួយ​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​បានផ្ដល់​អនុសាសន៍​ឱ្យប្រើ​ប្រាស់​ថ្នាំ​ចំនួន ២​ប្រភេទ ដែល​ផលិត ឡើង​ដោយ​ក្រុមហ៊ុន អ៉ី​ឡាយ លី​ល​លី (Eli Lilly) និង​ក្រុមហ៊ុន ក្លា​ហ្សូ​ស្មី​ត​ក្លែ​ន (GlaxoSmithKline) ដែល​សហការ​ផលិត​ជាមួយ​ក្រុមហ៊ុន វៀរ បាយ​អូ​តិច​ណូ​ឡូ​ជី (Vir Biotechnology) សម្រាប់​អ្នកជំងឺ COVID-19 ដើម្បី​បន្ថែម​ជម្រើស​ព្យាបាល ខណៈ​មេរោគ​បំប្លែង​ថ្ម​អូ​មី​ក្រុង (Omicron) ធ្វើឱ្យ​ថ្នាំ​ខ្លះ​បាត់បង់​ប្រសិទ្ធភាព​។ នេះ​បើ តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែមករា ឆ្នាំ​២០២២​។​

​បើតាម​គណៈកម្មការ​ខាងលើ​ដដែល​ថ្នាំ បា​រ៉ី​ស៊ី​ទី​នី​ប (baricitinib) ដែល​ដាក់លក់​នៅលើ​ទីផ្សារ​ក្រោម​ឈ្មោះ អូ​លូ​ម្ញៀ​ន (Olumiant) របស់​ក្រុមហ៊ុន Eli Lilly គួរតែ​ប្រើ សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 មាន​រោគសញ្ញា​ធ្ងន់ រីឯ​ថ្នាំ​របស់​ក្រុមហ៊ុន GlaxoSmithKline និង​ក្រុមហ៊ុន Vir Biotechnology គួរតែ​ប្រើ​សម្រាប់​ការព្យាបាល អ្នកជំងឺ​មាន​រោគសញ្ញា​ស្រាល ឬ​មិនសូវ​ធ្ងន់ធ្ងរ​។​

​គួរ​បញ្ជាក់ថា បើតាម​ទិន្នន័យ​របស់​អង្គការ WHO មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង ដែល​អាច​ទម្លុះ​ប្រព័ន្ធ​ភាព​សុំា​បង្កើតឡើង​ដោយ​វ៉ាក់សាំង​ជាច្រើន ត្រូវបាន​គេ​រកឃើញ​វត្តមាន នៅក្នុង​ប្រទេស​ចំនួន ១៤៩​ហើយ ដោយ​ក្នុងប្រទេស​ខ្លះ ករណី​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ​បាន​គ្របដណ្ដប់​លើ​ករណី​ឆ្លង​បំប្លែង​ថ្មី Delta ដែល​នេះ​បាន និង​កំពុង​បង្ខំ​ឱ្យ បណ្ដា​រដ្ឋាភិបាល​នានា​បង្ខំចិត្ត​ដាក់ចេញ​ថ្មី​នូវ​វិធានការ​រឹតត្បិត​, បង្កើនល្បឿន​ចាក់​វ៉ាក់សាំង ក៏ដូចជា​កែសម្រួល​ការព្យាបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close