ពលករខ្មែរ ១០នាក់ ចាប់បញ្ជូនមកកម្ពុជាវិញ តាមស្រុកសំពៅលូន
បាត់ដំបង៖ ពលរដ្ឋខ្មែរសរុបចំនួន ១០នាក់ (ស្រី៦នាក់ ក្មេងស្រី១នាក់) បានវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ ការត្រឡប់មកវិញនេះ ពួកគេត្រូវបានមេបញ្ជាការកងអនុសេនាតូច លោកនាយចំណង់ ជា យ៉ាន និងកម្លាំងយោធាវរសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឯក អាំផន មេបញ្ជាការកងអនុសេនាធំ បានទៅទទួលពួកគេ។
ក្រោយពីទទួលរួច កម្លាំងបានធ្វើការពិនិត្យសម្ភារហាមឃាត់ និងបានអប់រំណែនាំពួកគេ រួចប្រគល់ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍(អវិជ្ជមានទាំងអស់) រួចទើបអនុញ្ញាតឱ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនចំនួន ៦នាក់ (ស្រី៣នាក់ ក្មេងស្រី១នាក់) ដោយសារពួកគេមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ។
ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្គេនអត់ចេញចំនួន ៤នាក់(ស្រី៣នាក់) ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។