សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៉េកាំង​

​ថ្ងៃ​អង្គារ ១៤ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម នាយ​ឧ​ត្ត​មនា​វី ទៀ វិញ អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងទឹក អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ អញ្ជើញ​ជា​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុងឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ (WEI FENGHE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

* ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ បានចាត់ទុក​វត្តមាន​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កម្ពុជា នៅ​ទីក្រុង​ប៉េកាំង​លើក​នេះ គឺ​បានបង្ហាញ​ពី​ការគាំទ្រ និង​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​របស់​កម្ពុជា​ចំពោះ កងទ័ព​រំដោះប្រជាជន​ចិន និង​សបញ្ជាក់​ឱ្យឃើញថា កម្ពុជា​គាំទ្រ​ពេញទំហឹង​ចំពោះ​ព្រឹត្តិការណ៍​ពហុភាគី​ដែល​បានរៀបចំ​ឡើង​ដោយ​ប្រទេស​ចិន​នាពេលនេះ​។ ឯកឧត្តម បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​កងទ័ព​ប្រទេស​ទាំងពីរ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន ឱ្យ​កាន់តែ​ជិតស្និត រីកចម្រើន និង​រឹងមាំ​ឡើង​ថែមទៀត​។​

* ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ចូលរួម​អបអរសាទរ​ចំពោះ ជោគជ័យ​នៃ​ការរៀបចំ​ការបោះឆ្នោត​សកល​ថ្មីៗ​នេះ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជំនះ​ភ្លូកទឹកភ្លូកដី ដែល​ជោគជ័យ​នេះ បញ្ជាក់​ឲ្យ​ឃើញថា ប្រជាជន​កម្ពុជា​គាំទ្រ និង​ជឿជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តល់នូវ​សន្តិភាព និង ផលប្រយោជន៍​ទៅ​ថ្ងៃ​អនាគត​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិចិន ក៏បាន​សម្តែង​ការអបអរសាទរ​ផងដែរ​ចំពោះ​ការសាងសង់​វិមាន​ឈ្នះ​ឈ្នះ និង​ព្រឹ​ត្ត​ការណ៍​ប្រារព្ធ​ខួប​លើក​ទី​២០​ឆ្នាំ ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ព្រមទាំង​បានចាត់ទុក​ថា វិមាន​ឈ្នះ​ឈ្នះ​ជា​សំណង់​ស្ថាបត្យកម្ម ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា កម្ពុជា​មានការ​ផ្សះផ្សា​ជាតិ ប្រជាពលរដ្ឋ​ខ្មែរ​មាន​សាមគ្គី​ជាតិ​តែមួយ និង​ឈ្នះ​ទាំងអស់គ្នា​។​

* នៅ​ក្នុងឱកាស​ជួបពិភាក្សា​ទ្វេភាគី​នោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានលើកឡើង​អំពី​ភាព​វិជ្ជមាន នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា​-​ចិន ដែល​រីកចម្រើន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ដែល​ក្លាយជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​។ សម្ដេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា កិច្ច​សហ​ប្រតិការ​រវាង​កងទ័ព​ទាំងពីរ កម្ពុជា​-​ចិន បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ​ក្នុងពេល​កន្លងមក​។​

* ភាគី​ចិន​បាន​សន្យា​បន្ត​ជំរុញ​ការរក្សា​ផ្លាស់ប្ដូរ ប្រតិភូ​ជាន់ខ្ពស់​រវាង​កងទ័ព​ទាំងពីរ​ជា​បន្តទៅទៀត​, បន្តធ្វើ​លំ​ហាត់​នាគ​មាស ដែល​នឹងធ្វើ​នៅ​ខែមីនា ឆ្នាំ​២០១៩, បន្ត​ជួយ​កសាង​សង់​វិទ្យាស្ថាន​ទ័ពជើងគោក​ថ្លុក​តាសេក រួមទាំង​បន្ត​ជួយ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់ កងយោធពល​ខេមរភូមិន្ទ​។ នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​ពិធីសារ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ កម្ពុជា​-​ចិន ផងដែរ​៕​ ដោយ៖ ឆាយប៊ុនថន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close