រោងចក្រ សហគ្រាស ចុះបញ្ជីផ្លូវការ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ កើនជាង ១២០០រោងចក្រ ផ្តល់ការងារជិត ១លាននាក់ ត្រឹមចុងឆ្នាំ២០២១!
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានចាត់ទុក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានអត្រាប្រហែល១០%។
ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងឆ្នាំ២០២០ បានងើបឡើងវិញបានយ៉ាងល្អក្នុងឆ្នាំ២០២១ ដោយការនាំចេញក្នុងរយៈពេល១០ខែដំបូងមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់ ៦.៥៣៨លានដុល្លារ កើនឡើង៦% ធៀបនឹងឆ្នាំកន្លងទៅ ការនាំចេញផលិតស្បែកជើងមានទឹកប្រាក់ ១.១១៣លានដុល្លារ កើនឡើង២០% ការនាំចេញផលិតផលធ្វើដំណើរមានទឹកប្រាក់ ១.១៧៩លានដុល្លារ កើនឡើង៤៩%។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានលើកឡើងដូចនេះ ក្នុងសន្និបាតលើកទី១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) រៀបចំធ្វើនៅសមាគម ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីចុងសប្តាហ៍នេះ ដោយឯកឧត្តមរដ្ឋមន្ត្រី លើកបន្ថែមថា តាំងពីឆ្នាំ១៩៩៦ សមាគមមួយនេះ បានដំណើរការ ២៥ឆ្នាំកន្លងមកហើយ បានដើរតួនាទីជាតំណាងសម្លេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានា ជាមួយគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាជាច្រើនដែលមានផលប៉ះពាល់ជាសក្តានុពលដល់បរិយាកាសវិនិយោគទូទៅ សំដៅបង្កើតនូវស្ថានភាពមួយដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍រំលឹកថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានរោងចក្រ សហគ្រាស និងកម្មករនិយោជិតតិចតួច នៅពេលកម្ពុជាបានចាប់ផ្តើមបើកសេដ្ឋកិច្ចរបស់ខ្លួន និងទទួលវិនិយោគចាប់ពីឆ្នាំ១៩៩៣ និងបានបន្តកើនឡើងជាបន្តបន្ទាប់រហូតមក ជាពិសេសចាប់ពីឆ្នាំដែលកម្ពុជាទទួលបានសន្តិភាពពេញលេញដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយបន្ទាប់មកគឺនៅក្រោយឆ្នាំ១៩៩៩ ពេលដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយបទដ្ឋានការងារអន្តរជាតិ។
គិតត្រឹមចុងឆ្នាំ២០២១ នេះរោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះបានកើនដល់ប្រមាណជាង ១២០០ រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធ ដល់កម្មករនិយោជិតប្រមាណជិត១លាននាក់។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះមានប្រមាណជិត ១០ ពាន់លានដុល្លារ ឬប្រមាណ ៦៣ ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។ ដោយឡែកជីវភាពកម្មករនិយោជិត ក៏បានប្រសើរឡើងជាលំដាប់ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់។
បើគិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតបានចំនួន ១៨លើក ដោយកើនពី ៤០ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ១៩៩៧ ដល់ ១៩៤ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២២។ សម្រាប់ឆ្នាំ២០២២នេះ ដោយបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួលចាប់ពី ២១១ដុល្លារ ទៅ ២២២ដុល្លារ ក្នុងមួយខែ។ ក្រៅពីកម្មករនិយោជិតប្រមាណជិត ១លាននាក់ ទទួលផលផ្ទាល់ មានប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ដែលទទួលផលដោយប្រយោលពីវិស័យនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។