អភិបាលខេត្តសៀមរាប ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបឡើងវិញ ក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២នេះ
ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលសៀមរាប បានមានប្រសាសន៍ថា ជាមួយនឹងការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដែលជាការពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិជំងឺកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខ ប៉ុន្តែនៅក្នុងអំឡុងខែកុម្ភៈ ឬ ខែមីនា ខាងមុខនេះ ខេត្តសៀមរាបនឹងត្រូវប្រារព្ធពីធីកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះ គោលដៅខាងមុខ គឺបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៧ ហេតុនេះ ក្នុងអំឡុងពេលនៃថ្ងៃចូលឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាប នឹងត្រូវបានរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិផងដែរ។
ឯកឧត្តម មានប្រសាសន៍ទៀតថា អ្វីដែលយើងចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខឥតឈប់ឈរ ប៉ុន្តែនៅក្នុងកាលៈទេសៈនេះ បើទោះបីជាយើងផ្តោតទៅលើបញ្ហាអ្វីក៏ដោយ ក៏មិនអាចបំភ្លចបានជាដាច់ខាត គន្លឹះរក្សានិរន្តរភាពនៃការបើកប្រទេសឡើងវិញនោះ គឺការបន្តដាក់ចេញនូវការជំរុញចលនាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន និង ការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ គឺស្មើនឹងការរក្សាជីវិតរបស់ខ្លួនយើង។
ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមថា បញ្ហាដែលសំខាន់នៅចំពោះមុខនេះ ជុំវិញហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលជាការងារអទិភាព ដូច្នេះក្នុងឱកាសនេះ សូមអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុង ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត លើការរៀបចំសណ្តាប់ធ្នាប់ ការធ្វើចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋ ជាដើម ហើយសម្រាប់ការងារបរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត ។
គួររំលឹកថា កិច្ចប្រជុំនេះ មានរបៀបវារ:សំខាន់ៗចំនួន៣ ដែលត្រូវលើកយកមកធ្វើការពិភាក្សា គឺ ៖ ១- ការងារសន្តិសុខ និង សណ្តាប់ធ្នាប់ទូទៅ ជាពិសេសសណ្តាប់ធ្នាប់នៅតាមដងផ្លូវ៣៨ខ្សែ , ២- ករណីចុះត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប និង ៣.ស្តាប់របាយការណ៍របស់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកនិង បញ្ហាផ្សេងៗ និងសំណូមពរមួយចំនួនដើម្បីមានវិធានការនិងដំណោះស្រាយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។