ដំណឹង​ដ៏​គួរ​ឲ្យ​រំភើបចិត្ត​! កូន​សត្វ​ក្រពើ​ភ្នំ ៩​ក្បាល និង​មេ​មួយ​ក្បាល ត្រូវបាន​ប្រទះឃើញ កាលពី​សប្តាហ៍​មុន

​កូន​សត្វ​ក្រពើ​ភ្នំ​ដែលជា​ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​សរុប​ចំនួន ៩​ក្បាល និង​មេ​មួយ​ក្បាល ត្រូវបាន​ប្រទះឃើញ​កាលពី​សប្តាហ៍​មុន កំពុង​ហែល​នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​ពួកវា នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី​។

​នៅក្នុង​ការបន្ត​តាមដាន​ស្ថានភាព​សត្វ​ក្រពើ​ភ្នំ​នៅក្នុង​តំបន់​នៃ​ដែន​ជម្រក ក្រុម​អ្នកស្រាវជ្រាវ​សត្វព្រៃ​មកពី​ក្រសួងបរិស្ថាន និង​អង្គការ WWF បាន​អះអាង​សាជាថ្មី​អំពី​វត្តមាន​របស់​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ទុក​វត្តមាន​របស់​ពួកវា​ជា​លើកដំបូង​កាលពី​ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ។

​យោងតាម​អ្នកជំនាញ​សត្វព្រៃ​របស់​អង្គការ WWF កូន​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ​មាន​អាយុប្រមាណ​ចន្លោះ​ពី​៧ ទៅ ៨​ខែ ហើយ​ពួកវា​មាន​ល័ក្ខខ័ណ្ឌ​សុខភាព​ល្អ​។ អ្នកវិទ្យាសាស្ត្រ​ក៏បាន​ស្វាគមន៍​នូវ​ដំណឹង​ដ៏​ល្អ​នៃ​ការរស់រាន និង​ការលូតលាស់​របស់​កូន​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ ព្រោះ​ដោយមាន​ការការពារ​និង​តាមដាន​បាន​ត្រឹមត្រូវ និង​ជាប់លាប់​។

​អ្នកវិទ្យាសាស្ត្រ​ក៏បាន​រំពឹង​ដែរ​ថា​ពួកវា​នឹង​ចាប់ផ្តើម​រស់នៅ និង​ដើរ​រកស៊ី​ដោយឡែក​ពីគ្នា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ ដោយមាន​ក្តី​សង្ឃឹមថា​កូន​សត្វ​ក្រពើ​ភ្នំ​ទាំងអស់នេះ​នឹង​បន្ត​លូតលាស់​ឈានដល់​ភាព​ពេញវ័យ​ដើម្បី​អាច​បន្ត​ពូជ​បាន​នៅពេល​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close