កំពង់ផែទេសចរណ៍កែប-កោះទន្សាយ អាចទទួលនាវាទេសចរណ៍ធំៗ ៣គ្រឿង និងទូកទេសចរណ៍តូចៗមួយចំនួន
កែប៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ក្រុងកែប ខេត្ត កែប ដោយមានការចូលរួមពីឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៥ ឯកឧត្តម ងួន ប៊ៀន អ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកែប ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។
ថ្លែងក្នុងរបាយការណ៍គោរពជូនឯកឧត្តមទេសរដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តមអភិបាល នៃគណៈ អភិបាលខេត្តកែប បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង ស្តារ និងជួសជុលឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ ការចាក់បេតុងកៅស៊ូ(AC) និងកៅស៊ូពីរស្រទាប់ស្តើង (DBST)ផ្លូវប្រប មាត់សមុទ្រ ការពង្រីកផ្លូវជាតិលេខ៣៣អា ផ្លូវក្រាលក្រួសក្រហម និងចាក់ខ្សាច់បន្ថែមថ្មីនៅឆ្នេរកំសាន្ត ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង ការធ្វើអាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នៅឆ្នេរលេងទឹក នៅផ្សារក្តាម មានអគ្គិសនីប្រើប្រាស់២៤ម៉ោងលើ២៤ម៉ោង មានទឹកស្អាតប្រើប្រាស់ ការរៀបចំសួនច្បារសាធារណៈ ដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ដឹកនាំបំផុសធ្វើអនាម័យបរិស្ថាន លើកកម្ពស់សោភ័ណភាពសាធារណៈ ធ្វើឱ្យខេត្តមានភាពស្អាត និងស្រស់បំព្រងគ្រប់រដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ថែមទៀត។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន នាំមកនូវការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និង កំពង់ផែ និងមានការទទួលស្គាល់ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក និងបានបន្ថែមទៀតថា៖ សន្តិភាពនេះបាននាំឱ្យយើងទាំងអស់គ្នា មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសសមិទ្ធផលដែលបានលេចចេញជារូបរាងឡើងនាពេលនេះ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលរាជដ្ឋាភិបាលកម្ពុជាបានផ្តល់ជាចំណងដៃជូនដល់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ នៅពេលខាងមុខ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា និងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិ លេខ៣ ដែលទើបបានសាងសង់ចប់ជាស្ថាពរនាពេលថ្មីៗ ងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូន កសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកែប កាន់តែច្រើនថែមទៀត ដែលនឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ មានសកម្មភាពកាន់តែមានភាពមមារញឹក។
សូមជម្រាបជូនថា៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះសាងសង់ដោយអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណ ការ និងដឹកជញ្ជូន មានរចនាបទទំនើប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន ក្នុងពេលអនាគតកំពង់ផែនេះនឹងអាចទទួលនាវាទេសចរណ៍ច្រើនជាងនេះទៀតនៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត។
កំពង់ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងបានចំណាយថវិកាជាតិសរុបចំនួន ៤៨៨០លានរៀល ស្មើនឹង ប្រមាណ ១ ២០០ ០០០ដុល្លារអាមេរិក។
កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្ត្រឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។