មន្រ្តីសាលាខេត្តបាត់ដំបងម្នាក់លាឈប់ពីក្របខណ្ឌ ក្រោយ​មិន​ពេញ​ចិត្ត​នឹង​ការ​បង្កើតបក្ខពួក​នៅ​ក្នុង​សាលាខេត្ត

លោក លី ឌីនូរី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តួនាទីបច្ចុប្បន្ន មន្ត្រីសាលាខេត្តបាត់ដំបង បានផ្ញើលិខិតទៅកាន់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយ​ស្នើសុំលាឈប់ពីការងារ ព្រោះតែលោកពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង ។

ចំពោះករណីនេះ លោកមូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយសាររយ:ពេលចុងក្រោយសាលាខេត្តបានរៀបចំរបៀបរបប និងពង្រឹងការងារនៅថ្ងៃទី១៨ខែមករា រដ្ឋបាលខេត្តបានចេញលិខិតអញ្ជើញមន្ត្រីឈ្មោះលី ឌីនូរី ដែលអវត្តមានមិនបានចូលមកបំពេញការងារជាច្រើនថ្ងៃ ដើម្បីមកបំភ្លឺពីមូលហេតុនិងចង់ដឹងពីគោលបំណងដែលមន្ត្រីរូបនេះមិនមកធ្វើការងារ។

លោកបន្តថា ស្របពេលខាងរដ្ឋបាលបានចេញលិខិតអញ្ជើញ ក៏ស្រាប់តែមន្ត្រីឈ្មោះលី ឌីនូរី បានដាក់ពាក្យស្នើសុំលាឈប់ពីការងារតែម្តង ដែលនេះវាជាសិទ្ធរបស់បុគ្គលខ្លួនគាត់តែប៉ុណ្ណោះក្នុងការសម្រេចចិត្តណាមួយ។

យ៉ាងណាក៏ដោយ តាមរយៈ​បណ្តាញ​សង្គម លោក លី ឌីនូរី បានសរសេររៀបរាប់ថា «ថ្ងៃនេះបានទទួលលិខិតអញ្ជើញលើកទី១ របស់រដ្ឋបាលខេត្តបាត់ដំបង។ ខ្ញុំមិនបដិសេដទេ ប៉ុន្តែមានសំណួរខ្លះៗ ១-តើរយ:កាលកន្លងមកក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំវាមិនទាន់គ្រប់គ្រាន់មែនទេ?២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ? រឺត្រឹមតែចង់អោយខ្ញុំមកអង្គុយអានកាសែតដូចរយៈ:កាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។៣- បក្សពួកនិយមខ្លាំងពេកនាំអោយអន្តរាយដល់ស្ថាប័នរដ្ឋ ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្សពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប »៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close