រកឃើញករណីឆ្លងអូមីក្រុង នៅក្នុងសហគមន៍ជាលើកដំបូង នៅវៀតណាម
កន្លងមកវៀតណាមក៏បានរកឃើញករណីឆ្លងកូវីដ ១៩ បំប្លែងថ្មីជាច្រើន ប៉ុន្តែជាករណីនាំចូល។ ប៉ុន្តែនៅពេលនេះវៀតណាមបានរកឃើញករណីឆ្លងអូមីក្រុងនៅក្នុងសហគមន៍បានបង្កើនក្តីបារម្ភយ៉ាងខ្លាំងពីករណីឆ្លងរាលដាលកើនឡើងខណៈករណីឆ្លងកូវីដ១៩នៅវៀតណាមស្ថិតនៅកម្រិតខ្ពស់នៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម នៅថ្ងៃពុធនេះ បានរាយការណ៍ឱ្យដឹងថា ការឆ្លងរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី Omicron ក្នុងសហគមន៍ ត្រូវបានរកឃើញនៅជាលើកដំបូង នៅប្រទេសវៀតណាម ខណៈអាជ្ញាធរសុខាភិបាលប្រទេសអាស៊ានមួយនេះ បាននិងកំពុងប្រឹងប្រែងដាស់តឿនឱ្យប្រជាជន បង្កើនការប្រុងប្រយ័ត្នខ្ពស់។
សារព័ត៌មានរដ្ឋវៀតណាម ទៀង ហ្វុង (Tien Phong) ដែលយោងតាមប្រភពពីអាជ្ញាធរសុខាភិបាលវៀតណាម បានចុះផ្សាយថា ករណីឆ្លងក្នុងសហគមន៍ចំនួន៣ ដែលត្រូវពិនិត្យឃើញថាជាករណី Omicron កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ គឺត្រូវបានរកឃើញនៅទីក្រុងហូជីមិញ កាលពីចុងសប្តាហ៍មុន។ កន្លងមកវៀតណាម ក៏បានរកឃើញករណីឆ្លង Omicron ជាង៧០នាក់ផងដែរ ប៉ុន្តែក្នុងចំណោមអ្នកមកពីបរទេស ដែលត្រូវធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថា មកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបជាង២លាននាក់ និងស្លាប់ជិត៣៦,០០០នាក់។ ចំណែកឯ ការចាក់វ៉ាក់សាំងវិញ មនុស្សជាង៧០ភាគរយ ក្នុងចំណោមប្រជាជនសរុបប្រមាណ៩៨លាននាក់ របស់វៀតណាម បានទទួលការចាក់គ្រប់ពីរដូស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។