ទីក្រុង​ចំនួន​២១ ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ ឆ្នាំ​២០២២-២០២៤

​ខេត្ត​ព្រះសីហនុ​៖ ទីក្រុង​ចំនួន​២១ នៃ​ប្រទេស​សមាជិក​អាស៊ាន បានទទួល​ពាន់រង្វាន់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ ឆ្នាំ​២០២២-២០២៤ ក្នុងនោះ​ក៏មាន​ទីក្រុង​ចំនួន​៣​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

​នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022) រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ក៏បានផ្ដល់​កិត្តិយស​ប្រគល់​ពានរង្វាន់​ជូន​អភិបាលខេត្ត អភិបាលក្រុង និង​តំណាង​ទីក្រុង​ជ័យលាភី​ទាំង​២១​នោះ​ផងដែរ​។ ការប្រគល់​ពានរង្វាន់​នេះ​ត្រូវបាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ ជាទី​ដែល​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២​។​

​ទីក្រុង​ទាំង​២១​ដែល​ទទួលបាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣​នោះ រួមមាន​៖
* ប្រទេស​ព្រុយ​ណេ មាន​ទីក្រុង​ទូ​តុង (Tutong)​។​
* ប្រទេស​កម្ពុជា មាន​ទីក្រុង​បាត់ដំបង (Battambang) ទីក្រុង​ព្រះសីហនុ (Preah Sihanouvill) និង​ទីក្រុង​សៀមរាប (Siem Reap)​។ ជាមួយគ្នា​នោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ក៏បាន​អញ្ជើញ​មក​ទទួល​ពានរង្វាន់​ផ្ទាល់​ពី​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ផងដែរ​។​
* ប្រទេស​ឡាវ មាន​ទីក្រុង​ហ្លួងព្រះបាង (Luang Prabang) ទីក្រុង​ប៉ាក​សេ (Pakse) និង​ទីក្រុង​វៀងជ័យ (Viengxay)​។​
* ប្រទេស​ម៉ា​ឡេ​ស៉ី មាន​ទីក្រុង​ច​ច (George Town) កោះ​លង្កា​វី (Langkawi) និង​ទីក្រុង​ម័​រ (Muar)​។​
* ប្រទេស​មី​យ៉ាន់​ម៉ា មាន​ទីក្រុង​ម​ណ្ឌា​ល័យ (Mandalay) ទីក្រុង​ណៃ​ពិដោរ (Nay Pyitaw) និង​ទីក្រុង​មី​យិ​ក (Myeik)​។​
* ប្រទេស​ថៃ មាន​ទីក្រុង​ខន​កេ​ន (Khon Kaen) ទីក្រុង​ប៉ា​តា​យ៉ា (Pataya) និង​កោះ​ម៉ាក (Koh Mak)​។​
* ប្រទេស​វៀតណាម មាន​ទីក្រុង​ហា​ឡុង (Ha Long) ទីក្រុង​ដា​ឡា​ត់ (Da Lat) និង​ទីក្រុង​វ័ង​តាវ (Vung Tau)​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា ការប្រគល់​រង្វាន់​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏ដូចជា​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅតាម​បណ្តា​ទីក្រុង​របស់​អាស៊ាន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ សំដៅ​ធ្វើឱ្យ​អាស៊ាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​។​

​ឯកឧត្តម បាន​បន្តថា ការប្រកួតប្រជែង​នេះ​ក៏បាន​ជំរុញ​ដល់​ការរៀបចំ​មជ្ឈដ្ឋាន​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ទីក្រុង​នៅក្នុង​តំបន់​អាស៊ាន​ឱ្យ​កាន់តែ​ប្រសើរឡើង ព្រមទាំង​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​។​

​គួរ​បញ្ជាក់ថា ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ត្រូវបាន​ដឹកនាំ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត តាំងពី​ឆ្នាំ​២០១១ ដោយមាន​ការគាំទ្រ​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ហើយ​ស្តង់ដា​នេះ​ត្រូវ​បានអនុម័ត និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​កាលពី​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៥​។​

​យោងតាម​គណៈកម្មាធិកា​រ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួងទេសចរណ៍ កម្ពុជា​បាននិងកំពុង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង​នៅ​កម្រិត​ថ្នាក់ជាតិ និង​កម្រិត​តំបន់​អាស៊ាន សំដៅ​ចូលរួម​ដល់​ការជំរុញ​ការកសាង​ទីក្រុង​ឆ្លាត​វៃ (Smart City) នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បាន​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​តំបន់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close