អន្ទាក់​ជាង ៦​ម៉ឺន ត្រូវ​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ នៅ​ឆ្នាំ​២០២១

«​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​នៅ​កម្ពុជា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន រួមជាមួយ​អង្គការ​អភិរក្ស​ជា​ដៃគូ និង​សហគមន៍​តំបន់​ការពារ ធម្មជាតិ​បាន​ដោះ​អន្ទាក់​បាន​ចំនួន ៦១ ៦១១ អន្ទាក់​ពី​ក្នុង តំបន់ការពារធម្មជាតិ ដែល​បាន​ជួយសង្គ្រោះ​សត្វព្រៃ​មិន ឱ្យ​ជាប់អន្ទាក់​របស់​ព្រានព្រៃ និង​គ្រោះថ្នាក់​ដល់​មនុស្ស​»​។ នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា​បរិមាណ​អន្ទាក់​ដែល​បាន​ដោះ​នៅ​ឆ្នាំ ២០២១ កន្លងទៅនេះ​មាន​ចំនួន​កើនឡើង​ប្រមាណ​ជាង ២០% បើ ប្រៀបធៀប​នឹង​បរិមាណ​អន្ទាក់​ដោះ​បាន​នៅ​ឆ្នាំ​២០២១ ដែលមាន​ចំនួន ៤៣ ២៧០ អន្ទាក់​។ អន្ទាក់​ដែល​ត្រូវបាន ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​លើកឡើងថា​ជា ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ ព្រោះ​មាន​ប្រភេទ​អន្ទាក់​ឆក់ ខ្សែភ្លើង អន្ទាក់​វាយបំបាក់​ស្មងជើង និង​ប្រភេទ​ផ្សេងៗ​ទៀត​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​ថ្លែងថា អន្ទាក់​នៅតែ​ជាការ​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​សត្វព្រៃ​គ្រប់​ប្រភេទ​ជាពិសេស​សត្វ​ជើង​ចំ​ពាម ហើយ​មិនមែន​ត្រឹម តែ​កម្ពុជា​ទេ​មាន​បញ្ហា​ប្រឈម​នឹង​វត្តមាន​អន្ទាក់​នៅក្នុង តំបន់ការពារធម្មជាតិ គឺ​តំបន់​អភិរក្ស​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​ទ្វីបអាស៊ី​ទទួលរង​នូវ​ការគំរាមកំហែង ដោយសារតែ​អន្ទាក់​។ ​អន្ទាក់​ជាច្រើន​លាន​ត្រូវបាន​គេ​ដឹងថា​បានដាក់​នៅក្នុង​តំបន់​អភិរក្ស​ក្នុងប្រទេស​វៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​កត្តា​ដែល​គំរាមកំហែង​ខ្លាំង​ចំពោះ​សត្វព្រៃ គឺ​អន្ទាក់​ដែលជា​ឃាតក​លាក់​មុខ​។ ដោយសារតែ​សម្ភារ​សម្រាប់ធ្វើ​អន្ទាក់​មាន​លក់​នៅលើ​ទីផ្សារ និង​មាន​តម្លៃថោក ចំនួន​អន្ទាក់​ត្រូវបាន​ប៉ាន់​ស្មានថា មានការ​កើនឡើង ហើយ​នៅ​អាស៊ី​មាន​អន្ទាក់ ប្រមាណ ជាង ១២​លាន​អន្ទាក់​ត្រូវបាន​លួច​ដាក់​ក្នុង​តំបន់​ការពារ​នៅ​ទូទាំង​តំបន់​អាស៊ី​»​។ ​ក្នុងនាម​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែង​កោតសរសើរ​និង​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស អង្គការ​ដៃគូ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​ដោះ​អន្ទាក់​ចេញពី​ព្រៃ​ធម្មជាតិ​។

ឯកឧត្តម​បាន​ថ្លែងថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មិន​ត្រឹមតែ​ចុះ​ល្បាត ដើម្បី​ទប់ស្កាត់ បទល្មើស​បំផ្លាញ​ធនធាន ធម្មជាតិ​ការកាប់បំផ្លាញ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ដើរ​ស្វែងរក​អន្ទាក់ និង​ដោះចេញ​ព្រមទាំង​បំផ្លាញ​អន្ទាក់​ចោល​ដើម្បី​សង្គ្រោះ​ជីវិត​សត្វព្រៃ​ផងដែរ​។ សត្វព្រៃ​ជាច្រើន​ក្បាល​ត្រូវបាន​សង្គ្រោះ​នៅនឹងកន្លែង​និង​ព្រលែង​ចូលក្នុង​ព្រៃ​ធម្មជាតិ​វិញ ហើយ​ចំពោះ​សត្វព្រៃ ដែល​រងរបួស ឬ​សុខ​ភាពមិន​អំណោយផល ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​អាចទាក់ទង​ក្រុមមន្ត្រី​ជំនាញ​ពេទ្យសត្វ​ដើម្បី យកមក​ថែរក្សា​និង​ព្យាបាល​ឱ្យ​ជាសះស្បើយ មាន​សុខ​ភាពល្អ មុននឹង​ព្រលែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​វិញ​។ ​ក្រៅពី​អន្ទាក់​ដែល​បាន​បង្ក​គ្រោះថ្នាក់​សម្លាប់​សត្វព្រៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ដកហូត​កាំភ្លើង​កែច្នៃ​ប្រើប្រាស់ សម្រាប់​ការ​ប្រមាញ់​សត្វព្រៃ​ចំនួន ៧៥៨ ដើម​ត្រូវបាន ដកហូត​នៅ​ឆ្នាំ ២០២១​។ បរិមាណ​នេះ​ប្រមាក់​ប្រហែល​ឆ្នាំ ២០២០ ដែរ​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ការកើនឡើង​នៃ​កាំភ្លើង​កែច្នៃ​ក៏​ជា​ផ្នែក​មួយ​គំរាមកំហែង​ដល់​សត្វព្រៃ ហើយ​កាំភ្លើង​កែច្នៃ​នេះ គឺជា​អាវុធ​ដែល​គ្រោះថ្នាក់​បំផុត​ផងដែរ​។ លើសពីនេះ សត្វ​ឆ្កែប្រដេញ ក៏​ជា​មូលហេតុ​នាំឱ្យ​ប៉ះពាល់​ដល់​សត្វព្រៃ​ដែរ​។ ប្រជាជន​មួយចំនួន​បាន​ចិញ្ចឹមសត្វ​ឆ្កែប្រដេញ​ជា​ហ្វូង ដើម្បី​បណ្តើរ​ចេញទៅ​ប្រមាញ់​សត្វព្រៃ ដែលជា​កត្តា​រួមផ្សំ​ធ្វើឱ្យ​ចំនួន​សត្វព្រៃ​ត្រូវបាន​ថយចុះ​ដោយ​ការ​ប្រមាញ់ និង ស្លាប់​ដោយសារតែ​ជំងឺឆ្លង​ពី​ឆ្កែស្រុក​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ដើម្បី​បញ្ឈប់​ការ​បរបាញ់​សត្វ​បញ្ឈប់ ការដាក់​អន្ទាក់​ចាប់​សត្វ សូម​ប្រជាពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ កុំ​ជួញដូរ​សត្វ​ព្រែ និង​កុំ​ជឿ​លើ​ជំនឿ​ថា​បរិភោគ​សាច់សត្វ ឈាម ឬ​យក​ឆ្អឹង​សត្វព្រៃ​ទៅធ្វើ​ឱសថ​ប៉ូវ​កម្លាំង​ឬ​ជំនួយ​ដល់​សុខភាព តែ​វា​អាច​នឹង​ធ្វើឱ្យ​បងប្អូន​ប្រឈមមុខ នឹង​គ្រោះថ្នាក់​ទៅវិញ​ដោយសារតែ​អាចមាន​មេរោគ​ផ្សេងៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close