ខ្លាឃ្មុំធំ បង្ហាញខ្លួន ក្នុងតំបន់ការពារធម្មជាតិកម្ពុជា
ខ្លាឃ្មុំធំ (ឈ្មោះអង់គ្លេស៖ Asiatic Black Bear ឈ្មោះវិទ្យាសាស្ត្រ៖ Ursus thibetanus) ត្រូវបានថតកាលពីពេលថ្មីៗកន្លងទៅនេះ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបងនិងកោះកុង ខ្លាឃ្មុំធំ ជាប្រភេទខ្លាឃ្មុំមានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំទាំងអស់ ដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរ (V) នៅខាងក្រោមក។
វាជាសត្វរស់នៅតែឯង និងរស់នៅជាគូរនៅរដូវបន្តពូជតែប៉ុណ្ណោះ ហើយចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។ ចំណីរបស់ខ្លាឃ្មុំធំមានដូចជា ឃ្មុំ ព្រួត ឫសឈើ សត្វល្អិត រុក្ខជាតិ។
របាយណ៍សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង នៅភូមិភាគនិរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) ជាដើម។ ខ្លាឃ្មុំធំស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។