កម្ពុជា ជា​សង្គម​មួយ​ដែល​សាសនា​ណា ក៏​អាច​លូតលាស់​បាន និង​ទទួលយកបាន​គ្រប់​ជាតិ​សាស​ន៌​

«​សង្គម​កម្ពុជា​ជា​សង្គម​មួយ​ដែល​សាសនា​ណា​ក៏​អាច​លូតលាស់​បាន និង​ទទួលយកបាន​គ្រប់​ជាតិ​សាសនា ដែល​យើង​អាច​និយាយបានថា នៅលើ​ពិភពលោក​មិនមាន​ច្រើន​ទេ​»​។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​វិហា​រកា​តូ​លី​ក ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​។

​ឯកឧត្តម សាយ សំ​អាល់ បញ្ជាក់​ឱ្យដឹងទៀតថា កម្ពុ​ជាមាន​សង្គម​មួយ​ដែលមាន​ពហុវប្បធម៌​។ ប្រជាពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិសេរីភាព​ពេញលេញ ក្នុងការ​គោរព​ប្រ​ណិ​បត៍​សាសនា ទៅតាម​ជំនឿ​រៀងៗ​ខ្លួន​។ ការគោរព​ព្រះ​ជា​រឿង​សំខាន់ មិន​ថា​សាសនា​ណាក៏ដោយ ព្រោះ​ព្រះ​នៅក្នុង​សាសនា គឺ​អប់រំ​មនុស្ស​ឱ្យ​សាង​អំពើ​ល្អ គិត​ល្អ និង​ជា​ពន្លឺ​បំភ្លឺ​ជីវិត​ដល់​អ្នកមាន​ជំនឿ​។​

​ឯកឧត្តម បានលើកឡើង​ទៀតថា សាសនា​ក៏មាន​តួនាទី​សំខាន់​ក្នុងការ​កែប្រែ ឬ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​មនុស្ស​ឆ្ពោះទៅកាន់​ផ្លូវត្រូវ​ក្នុង​ខ្សែជីវិត​របស់ខ្លួន​ផងដែរ​។​

​គួរ​បញ្ជាក់ថា អមដំណើរ​ឯកឧត្តម សាយ សំ​អាល់ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​វិហា​រកា​តូ​លី​ក ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត​ព្រះសីហនុ ឯកឧត្តម​អភិបាលក្រុង ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ជាច្រើនរូប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close